(ព្រះវិហារ)៖ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានជួបជុំពិសានំបញ្ចុកសាមគ្គីជាតិ ជាមួយសមាជិក-សមាជិការគណបក្សប្រជាជនកម្ពុជា ស្រុកសង្គមថ្មីប្រមាណជិត ៣,០០០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាស្រុកសង្គមថ្មី។
នៅក្នុងពិធីជួបជុំដ៏ប្បាយរីករាយនេះ ក៍មានការអញ្ជើញចូលរួមពីលោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ព្រមទាំងក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្តជាច្រើនរូបទៀត។
លោក មាស សុភា បានលើកឡើងថា ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក» នោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ដើមសប្តាហ៍នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុក នាថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានឃើញមានចលនាគាំទ្រនំបញ្ចុក មានសកម្មភាពផុលផុសឡើង។ ការលក់នំបញ្ចុកក៏ដាច់ជាងសព្វមួយដងផងដែរ ហើយថ្ងៃនេះដែរ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក៏បានចុះមូលដ្ឋានចូលរួមហូបជាមួយ សមាជិកបក្សតាមមូលដ្ឋានស្រុក-ក្រុង ឃុំ-សង្កាត់រៀងៗខ្លួន ប្រកបដោយភាពស្និទ្ធស្នាល។
លោក មាស សុភា ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកសង្គមថ្មី និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី ដែលបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីនេះបានយ៉ាងអធិកអធម៕