(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវភាពរីករាយយ៉ាងខ្លាំង នៅពេលដែលសម្តេចបានឃើញបងប្អូនជនរួមជាតិខ្មែរ មានឱកាសហូបនំបញ្ចុកជាមួយគ្នាជាមហាគ្រួសារខ្មែរ យ៉ាងសប្បាយរីករាយ នៅថ្ងៃនេះ។
តាមរយៈ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ រាប់រកហៅគ្នា ពិសេសអ្នកជិតខាងរបស់ខ្លួន ឲ្យចូលរួមហូបនំបញ្ចុកទាំងអស់គ្នា។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំរីករាយយ៉ាងខ្លាំង ដែលបានឃើញបងប្អូនជនរួមជាតិ និងកូនក្មួយព្រមទាំងចៅៗ មានឱកាសបានហូបនំបញ្ចុកជាមួយគ្នាជាមហាគ្រួសារខ្មែរ។ សូមរាប់រកហៅគ្នា ជាពិសេសអ្នកជិតខាងចូលរួមហូបនំបញ្ចុកសាមគ្គីភាពទាំងអស់គ្នានៅថ្ងៃនេះ»។
សូមជម្រាបថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងនូវការអរគុណដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកាទាំងអស់ ដែលបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីជាតិ រួមគ្នាដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា និងនិន្នាការនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ជាមួយនឹងការបង្ហោះរូបភាពពិសានំបញ្ចុកយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិ ហូបនំបញ្ចុកឲ្យបានឆ្ងាញ់នៅក្នុងថ្ងៃសម្រាក ចុងសប្តាហ៍នេះ។ អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នា ដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
គួររំលឹកថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕