(ភ្នំពេញ)៖ ស្រវឹង គឺជាស្ថានភាពមួយដែលមនុស្សមានអាការៈប្រែប្រួល និងវង្វេងស្មារតី ចុះខ្សោយនូវប្រព័ន្ធប្រសាទខួរក្បាល ដោយមូលហេតុនៃការពិសារនូវគ្រឿងស្រវឹងជាអាទិ៍ ។ នៅពេលដែលពិសារគ្រឿងស្រវឹងហួសប្រមាណ នឹងធ្វើឱ្យអ្នកសេពគ្រឿងស្រវឹងទាំងនោះ មិនអាចគ្រប់គ្រងស្មារតី សតិអារម្មណ៍របស់ខ្លួនបានឡើយ ។
ការមិនអាចគ្រប់គ្រងស្មារតីរបស់ខ្លួនបាននេះ ជាហេតុធ្វើឱ្យមានបញ្ហាជាច្រើនកើតមានឡើងនៅក្នុងសង្គម ដូចជាករណីចាប់រំលោភ អំពើហិង្សាក្នុងគ្រួសារ គ្រោះថ្នាក់ចរាចរណ៍ និងកត្តាអវិជ្ជមានផ្សេងៗទៀតជាច្រើន ។
លើសពីនេះ ទោះបីជាបុគ្គលដែលស្ថិតក្នុងស្ថានភាពស្រវឹងមិនបាន ប្រព្រឹត្ដនូវអំពើល្មើស ធ្ងន់ធ្ងរណាមួយក៏ដោយ ក៏ភាពស្រវឹងអាចធ្វើឱ្យប៉ះពាល់ ទៅដល់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរ របស់បុគ្គលខ្លួនឯងផ្ទាល់ ក៏ដូចជាប៉ះពាល់ ដល់សណ្ដាប់ធ្នាប់សាធារណៈ និងប្រពៃណីល្អរបស់សង្គមជាតិផងដែរ ។ កាលណាបើបុគ្គលណាម្នាក់ស្រវឹងជាក់ស្ដែង ដែលស្ថិតនៅលើផ្លូវសាធារណៈ គឺជាបទល្មើសមួយដែលមានចែង នៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់កម្មវិធីយល់ដឹងផ្នែកច្បាប់ក្នុងសប្តាហ៍នេះ ក្រោមកិច្ចសហការរវាងអង្គភាពព័ត៌មាន FRESH NEWS ជាមួយក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ នឹងលើកយកប្រធានបទស្តីពី «បទស្រវឹងជាក់ស្ដែង» មកធ្វើការបង្ហាញជូនបងប្អួនប្រជាពលរដ្ឋដូចតទៅ៖
យោងមាត្រា ២៩៧ នៃក្រមព្រហ្មទណ្ឌ «បទស្រវឹងជាក់ស្ដែង» បានបញ្ញត្ដិថា «បុគ្គលណាដែលស្ថិតក្នុងស្ថានភាពស្រវឹងយ៉ាងជាក់ស្ដែងនៅលើផ្លូវសាធារណៈត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ៥០០០ (ប្រាំពាន់) រៀល ទៅ ១០០០០ (មួយម៉ឺន) រៀល» ។ មានន័យថា បើបុគ្គលណាម្នាក់ស្រវឹង ហើយដែលអ្នកដទៃអាចមើលដឹងពីស្ថានភាពស្រវឹងនោះ បានធ្វើសកម្មភាព ដើរ បើកបរ ជាអាទិ៍ នៅលើផ្លូវសាធារណៈ នោះមានន័យថាជននោះបាន ប្រព្រឹត្ដបទល្មើសស្រវឹងជាក់ស្ដែង ។
យោងតាមវចនានុក្រម សម្ដេចព្រះសង្ឃរាជ ជួនណាត បានឱ្យនិយមន័យពាក្យ ស្រវឹង ថា គឺជាស្ថានភាពនៃការប្រែស្មារតី ឬងោង ភ័ន្ដ វង្វេងស្មារតី ខុសពីប្រក្រតីដោយសេពសុរាជាដើម ។ ស្រវឹងជាក់ស្ដែង មានន័យថា ស្ថានភាពនៃការស្រវឹងនោះ សាធារណៈជន ឬអ្នកដ៏ទៃអាចដឹងពីស្ថានភាពនោះ មានន័យថា អ្នកដទៃមើលឃើញជាក់ស្ដែងថា បុគ្គលនោះស្ថិតក្នុងស្ថានភាពស្រវឹងមែន ។
ឧទាហរណ៍ ក បានពិសាស្រា ស អស់មួយលីត្រ បណ្ដាលឱ្យស្រវឹងជោក ក្រោយពីពិសារួច ក មិនព្រមសម្រាកនៅមួយកន្លែងនោះទេ ក៏បានដើរតាមផ្លូវសារធារណៈ ដោយសារជាតិស្រវឹង ក បានវង្វេងស្មារតីដើរមិនត្រង់ផ្លូវ និងបានដួលជាច្រើនលើកច្រើនសារ ពេលនោះមានអ្នកធ្វើដំណើរតាមផ្លូវបានឃើញ និងសើចចំអកដាក់គ្រប់គ្នា ។
មូលហេតុបានជា ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា កំណត់អំពើស្រវឹងជាក់ស្ដែងជា បទល្មើសដែលត្រូវផ្ដន្ទាទោស ដោយហេតុថា ការស្រវឹង គឺបានធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ប្រពៃណីល្អរបស់សង្គម ជាពិសេសប៉ះពាល់ដល់កិតិ្ដយស និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស និងព្រមទាំងអាចឈានទៅដល់ការបង្កជា បទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរផ្សេងៗទៀត ប្រសិនបើគ្មានការហាមឃាត់ បង្កា និងទប់ស្កាត់ ។
ចំពោះបទស្រវឹងជាក់ស្ដែង គឺជាប្រភេទបទល្មើសលហុ ដែលមានមូលទោស ត្រឹមទោសពិន័យជាប្រាក់តែប៉ុណ្ណោះ ។ ចំពោះវិធានអនុវត្ដជាក់ស្ដែង អាចសម្រេចផ្ដន្ទាទោសចំពោះ បទស្រវឹងជាក់ស្ដែងនេះបាន ត្រូវតែមានសាលក្រមពីតុលាការ មានន័យថា ត្រូវតែឆ្លងកាត់នីតិវិធីតុលាការ ទើបអាចសម្រេចផ្ដន្ទាទោសបាន ដែលត្រង់នេះ បាននាំឱ្យបទល្មើសប្រភេទនេះ មិនសូវមានការធ្វើការចោទប្រកាន់នោះទេ ដោយភាគច្រើន ត្រូវបានរដ្ឋាភិបាល ប្រើប្រាស់នូវវិធានការអប់រំ និងណែនាំ ជំនួសវិញ ដើម្បីកាត់បន្ថយរឿងក្ដីនៅតុលាការ។
រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក រ៉ាត់ ចាន់ធី សមាជិកក្រុមការងារស្រាវជ្រាវ និងចងក្រង អត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ភូមិបាយ៉ាប ០២៣ ៩៨៦ ២៤៥ / ០៩៥ ៩២ ៩២ ៧២, អីម៉ែល៖ [email protected] គេហទំព័រ www.ciclg.com ហ្វេសប៊ុកផេក ៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្ដិការអន្ដរជាតិ / Cambodia International Cooperation Law Group ៕