(បាត់ដំបង)៖ លោក សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ព្រមទាំងក្រុមការងារទាំងអស់ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅទូទាំងស្រុកបាណន់ ខេត្តបាត់ដំបង ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក សន្តិបណ្ឌិត សុខ ផល ក៏បានជម្រាបជូនពលរដ្ឋដែលអញ្ជើញចូលរួម ចំនួន១៩,១១៣នាក់ថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ស្រុកបាណន់ លោកបានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ទូទាំងស្រុក រៀបចំពិធីហូបនំបញ្ចុកសាមគ្គី តេជោសន្តិភាព។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕