(តាកែវ)៖ លោកវេជ្ជបណ្ឌិត សុខ ផេង សមាជិគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទ្រាំង ខេត្តតាកែវ និងលោក សុខ ពុទ្ធិវុធ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទ្រាំង ខេត្តតាកែវ បានអញ្ជើញចូលរួមក្នុងកម្មវិធីពិសានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិនៅស្រុកទ្រាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ នៅតាមស្នាក់ការគណបក្សឃុំនានា ក្នុងស្រុកទ្រាំង។
លោក សុខ ពុទ្ធិវុធ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋដែលចូលរួមថា កម្មវិធីពិសានំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិនេះ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើនភាពស្និទ្ធស្នាល ស្រលាញ់រាប់អានគ្នាក្នុងមហាគ្រួសារខ្មែរ ក៏ដូចជាបង្កើនសាមគ្គីភាព និងឯកភាពជាតិឲ្យកាន់តែស្អិតរមួត និងជាពិសេស គឺដើម្បីឲ្យមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋយល់ពីអត្ថន័យសាមគ្គីភាព និងឯកភាពជាតិដ៏មានសារៈសំខាន់នេះ។
លោកបន្ដថា មិនតែប៉ុណ្ណោះ វាក៏ជាការលើកកម្ពស់ និងបង្ហាញទៅកាន់អន្តរជាតិ ពីម្ហូបអាហាររបស់ខ្មែរ ដែលមានរសជាតិឆ្ងាញ់ពិសារ និងមានប្រវត្តិជាយូរលង់ណាស់មកហើយ តាំងពីបុរាណមក ជាពិសេស គឺជំរុញការប្រើប្រាស់ផលិតក្នុងស្រុក។
លោក សុខ ពុទ្ធិវុធ បានបន្ដទៀត ថា កន្លងមកមានក្រុមជនមួយចំនួនមានគំនិតមិនល្អ បង្កើតរូបភាពហូបនំបញ្ចុក ដើម្បីញុះញុងបំបែកបំបាក់សាមគ្គីភាព ឯកភាពជាតិនៅក្នុងប្រទេស ដែលវាគឺជាហានិភ័យយ៉ាងធ្ងន់ធ្ងរ ដែលអាចទាញប្រទេសយើង ត្រឡប់ទៅរកការបែកបាក់ និងធ្លាក់ក្នុងភ្លើងសង្គ្រាមឡើងវិញ។ ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញច្បាស់ពីការបែកបាក់នៅក្នុងប្រទេសកម្ពុជា ដែលនាំឲ្យប្រទេសធ្លាក់ក្នុងមហន្តរាយ ស្ទើរតែពុំអាចសង្គ្រោះបាន ប៉ុន្តែដោយសារមានការរួបរួមគ្នាសាមគ្គីភាពគ្នា ពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទើបអាចរំដោះប្រទេសជាតិ បង្រួបបង្រួមជាតិ និងនាំមកនូវសន្តិភាព សាមគ្គីភាព និងឯកភាពជាតិដែលយើងពុំដែលទទួលបានទេក្នុងរយៈពេល ៥០០ឆ្នាំកន្លងមក។
លោកថា ដូច្នេះសាមគ្គីភាព ឯកភាពជាតិគឺមានសារៈសំខាន់ណាស់ ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងចំនុចនេះ ដើម្បីពង្រឹងសុខសន្តិភាព ស្ថេរភាពជាតិ និងអភិវឌ្ឍន៍ជាតិខ្មែរយើង ឲ្យបានកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត៕