(កណ្ដាល)៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងលោកស្រី គៀន ស្រីនាង បានអញ្ជើញប្រជាពលរដ្ឋក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល សំណេះសំណាល និងពិសារនំបញ្ចុកសាមគ្គី និងឯកភាពជាតិ ដែលមានប្រជាពលរដ្ឋចូលរួម ប្រមាណ៣,៥០០នាក់។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ទ្រី ភាព ក៏បានលើកឡើងអំពី ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបានអំពាវនាវឲ្យប្រជាពលរដ្ឋ សមាជិក សមាជិការមកពីគ្រប់គណបក្សនយោបាយ និងកម្មករ កម្មការនីទាំងអស់ ចូលរួមពិសារនំបញ្ចុកខ្មែរឲ្យបានច្រើនកុះករនៅទូទាំងប្រទេស ដើម្បីបង្ហាញពីសាមគ្គីជាតិ មិត្តភាព ក្តីស្រឡាញ់ ឯកភាពជាតិ និងចូលរួមលើកតម្កើងនូវគុណភាពម្ហូបអាហារ និងនំចំណីខ្មែរ ដែលជាអត្តសញ្ញាណរបស់កម្ពុជាផងដែរ។
បើតាមការលើកឡើងរបស់ ឧកញ៉ា ទ្រី ភាព មិនត្រឹមតែនៅក្នុងឃុំត្បែងប៉ុណ្ណោះទេ បុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមសាខាទាំងអស់ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប ក៏បាននិងកំពុងចូលរួម ក្នុងពិធីពិសារនំបញ្ចុកសាមគ្គីនៅតាមកន្លែងបម្រើការងាររបស់ខ្លួនផងនេះដែរ។
បន្ថែមលើការពិសារនំបញ្ចុកសាមគ្គីនេះទៀត លោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកស្រី គៀន ស្រីនាង ក៏បាននាំនូវអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនប្រជាពលរដ្ឋផងដែរ ដែលក្នុងនោះម្នាក់ៗទទួលបានក្រមា១ សាប៊ូ១ដុំ និងថវិកា៥,០០០រៀល, ព្រះសង្ឃ៧អង្គ ក្នុងមួយអង្គបច្ច័យ១០០,០០០រៀល ក្រុមប្រឹក្សាឃុំ១០នាក់ ក្នុងម្នាក់ៗថវិកា៥០,០០០រៀល ប្រធានភូមិ២១នាក់ ក្នុងម្នាក់ៗថវិកា៤០,០០០រៀល ប្រជាការពារភូមិ១០នាក់ ក្នុងម្នាក់ៗថវិកា ៤០,០០០រៀល និងនគរបាលប៉ុស្តិ៍ ២០០,០០០រៀល៕