(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋរាប់រយនាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងថា ការរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយសមាជិកបក្ស និងប្រជាពលរដ្ឋរាប់រយនាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ខាងលើនេះ ដើម្បីបង្ហាញពីការសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ។
ជាមួយគ្នានោះ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីពង្រឹង ការគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន និងបានផ្ដល់អនុសាសន៍សំខាន់ៗ មួយចំនួនរួមមាន៖
ទី១៖ អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់ប្រភេទ ត្រូវតែយកចិត្តទុកដាក់នូវតួនាទីស្នូលរបស់ខ្លួនមួយ គឺត្រូវរក្សាសន្តិភាពឲ្យបាន
ទី២៖ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពសំដៅឲ្យបងប្អូនប្រជាពលរដ្ឋ មានសុវត្តិភាពនៅក្នុងមូលដ្ឋាន
ទី៣៖ ត្រូវខិតខំយកចិត្តទុកដាក់ ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព ព្រមទាំងទាន់ពេលវេលា
ទី៤៖ មន្ត្រីដែលអសកម្ម និងបំរើសេវាជូនប្រជាពលរដ្ឋមិនបានល្អ ត្រូវកែលំអនូវកំហុសរបស់ខ្លួនឡើងវិញ បើគ្មានការកែប្រែទេ និងត្រូវអនុវត្តវិធានការវះកាត់
ទី៥៖ ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តនូវរាល់គោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចុះ រួមមានគោលនយោបាយយកចិត្តទុកដាក់ លើកម្មករ-កម្មការិនី ដែលមានឧបត្ថម្ភផ្សេងៗ
ទី៦៖ ត្រូវមានសាមគ្គីភាព
ទី៧៖ អាជ្ញាធរដែនដី និងកងកម្លាំងទាំងអស់ ត្រូវហាមដាច់ខាត មិនឲ្យមានបដិវត្តពណ៌នៅកម្ពុជា៕