(ស្វាយរៀង)៖ លោក បាន ម៉េងទូច និងក្រុមគ្រួសារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្ពោធសមិទ្ធផលនានា ក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ព្រមទាំងហូបនំបញ្ចុកសាមគ្គីជាតិតេជោសន្តិភាពផងដែរ ហើយមានការចូលរួមពីអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋប្រមាណជិត៨,០០០នាក់ ដើម្បីហូបនំបញ្ចុកធ្វើជាអាហារថ្ងៃត្រង់ ដែលមាននំបញ្ចុកសរុប៥០០គីឡូក្រាម។

ក្នុងឱកាសនោះ លោក បាន ម៉េងទូច បានថ្លែងថា ការហូបនំបញ្ចុកនេះ គឺជាការការរួមគ្នាបង្ហាញពីសាមគ្គីជាតិ និងដើរតាមបន្ទាប់ត្រឹមត្រូវ ដើម្បីរួមគ្នារក្សាសន្តិភាពនៅក្នុងប្រទេស។

លោកថ្លែងបន្តទាំងរីករាយថា «ការហូបនំបញ្ចុកនាថ្ងៃនេះ យើងទាំងអស់គ្នាហូបបណ្តើរ ញញឹមបណ្តើរដាក់គ្នា ដោយក្តីសោមមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរមនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

លោកលើកឡើងទៀតថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូច យកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ ហើយចំពោះការហូបលើកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព ស្នេហាជាតិ។

លោក សុខ ខារ៉ាម អភិបាលស្រុករំដួល បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា កម្មវិធីហូបនំបញ្ចុកនាព្រឹកនេះ បង្ហាញយ៉ាងច្បាស់ពីភាពស្និតស្នាល និងសាមគ្គីរួបរួមយ៉ាងពិតប្រាកដ។ លោកបានបន្តថា បើគ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍន៍នោះទេហើយទាំងអស់គ្នាត្រូវរក្សានៅសន្តិភាព។

នៅក្នុងទិវាហូបនំបញ្ចុកសាមគ្គីខាងលើនេះ ក្រុមគ្រួសារ លោក បាន ម៉េងទូច និងសប្បុរសជនព្រមទាំងអាជ្ញាធរចែកជូន នៅរបស់អនុស្សាវរីយ៍ និងថវិកាដល់ប្រជាពលរដ្ឋចំនួន៣ភូមិប្រមាណជិត១,០០០នាក់ផងដែរ៕