(កំពត)៖ ក្រុមការងារសម្របសម្រួលរៀបចំ និងគ្រប់គ្រងកីឡាបាល់ទាត់ និងក្រុមកីឡាករបាល់ទាត់ប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំពេញបេសកកម្មសប្បុរសធម៌ ទៅកាន់សាលាបឋមសិក្សាសាមគ្គីខ្មែរ បារាំង អូទ្រីស ស្វីស ដែលជាសាលាដ៏ដាច់ស្រយាល និងមានការខ្វះខាតមួយ មានទីតាំងស្ថិតនៅក្នុងភូមិអូរធំ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
ការបំពេញបេសកកម្មសប្បុរសធម៌នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ មានគោលបំណងចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អក្នុងជីវិត ព្រមទាំងដើម្បីឧបត្ថម្ភនូវសម្ភារសិក្សា សម្ភារកីឡា សំលៀកបំពាក់ កីឡា និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាវិភាគទានបានមកពីការ ចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានផ្តល់ជូនតាមរយៈក្រុមការងារ
សម្របសម្រួលរៀបចំ និងគ្រប់គ្រងកីឡាបាល់ទាត់ប្រចាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្អូនៗ សិស្សានុសិស្សដែលកំពុងសិក្សានៅសាលានេះ ហើយក៏កំពុងត្រូវការជំនួយជាចាំបាច់ ចំនួន៥០នាក់។
គូសបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលក្រុមកីឡាបាល់ទាត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបំពេញបេសកកម្ម សប្បុរសធម៌បែបនេះ ដោយលើកទី១ ក្រុមការងារបានទៅបំពេញបេសកកម្ម នៅសាលាបឋមសិក្សាដូង ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ។
បេសកកម្មសប្បុរសធម៌នេះ មានគោលដៅចែករំលែកសេចក្តីស្រឡាញ់ និងផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមកីឡាករ ក៏ដូចជាមន្ត្រីរាជការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយសិស្សានុសិស្សដែលរស់នៅតាមបណ្តាទីជនបទ ឬតំបន់ដាច់ស្រយាល សំដៅចូលរួមចំណែកលើកស្ទួយស្មារតីស្រឡាញ់កិច្ចការងារសង្គម ប្រកបដោយទឹកចិត្តសប្បុរស និងមនុស្សធម៌ ព្រមទាំងដើម្បីស្វែងយល់ពីសុខទុក្ខរបស់សិស្សានុសិស្សនៅតាមមូលដ្ឋាន ដែលកំពុងត្រូវការជំនួយជាចាំបាច់ ទាំងផ្នែកធនធានបញ្ញាស្មារតី សុខភាព សម្ភារ និងធនធានហិរញ្ញវត្ថុ។
ជាក់ស្តែង ស្ថិតក្នុងបរិបទ នៃគំនិតផ្តួចផ្តើមលើការជំរុញគាំទ្រ និងបង្កើនសកម្មភាពសប្បុរសធម៌ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីសំណាក់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីឲ្យកាន់តែខិតជិតប្រជាជន ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពកក់ក្តៅ និងស្និទ្ធស្នាល តាមរយៈយន្តការសប្បុរសធម៌របស់ក្រុមកីឡាករ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានក្រើនរំលឹកដល់ប្អូនៗឲ្យខិតខំរៀនសូត្រ ស្រឡាញ់ការលេងកីឡាដើម្បីសុខភាពទាំងអស់គ្នា ព្រមទាំងចៀសឲ្យឆ្ងាយពីអំពើអបាយមុខនានា ដូចជាការសេពគ្រឿងញៀន ស្រា ល្បែងស៊ីសងពាលាអាវាសែ ជាដើម។
លើសពីនេះទៀត បេសកកម្មនេះ ក៏បានស្តែងឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទៅលើជនងាយរងគ្រោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល កសាងសង្គមមួយ ឲ្យកាន់មានតែមានបរិយាប័ន្ន និងប្រកបដោយសុខុមាលភាព គុណធមិ និងសមធម៌សង្គមគ្រប់ទីកន្លែង៕