(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំរៀបចំពិធីពិសានំបញ្ចុក សាមគ្គីជាតិ ជាមួយមន្រ្តីរាជការ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានសង្កាត់ទាំង៧ នៃខណ្ឌមានជ័យ។

ក្នុងបរិយាកាសដ៏សែនរីករាយនេះ លោក ប៉ា សុជាតិវង្ស ក៏បានលើកឡើងថា ការជួបជុំគ្នាហូបនំបញ្ចុកនេះ កាលពីសប្តាហ៍មុនថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា រួមគ្នាហូបនំបញ្ចុកសាមគ្គីជាតិ ដោយកំណត់យកថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ជាថ្ងៃជួបជុំគ្នាហូបនំបញ្ចុក។

បន្ទាប់មកលោក ប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយនោះទេ គឺចង់បង្ហាញថា នំបញ្ចុកជាអត្តសញ្ញាណប្រពៃណីខ្មែរ របស់ជាតិខ្មែរទាំងមូល ហើយថ្ងៃនេះយើងនាំគ្នាហូប នំបញ្ចុក សាមគ្គីជាតិ បង្រួបបង្រួមជាតិទាំងអស់គ្នា គឺមិនត្រូវហូបនំបញ្ចុកបំបែកបំបាក់ជាតិនោះទេ។

លោកបានអំពាវនាវ និងបើកឲ្យមានការចូលរួមយ៉ាងទំលំទូលាយ នៅរាល់សមាជិកបក្សប្រជាជន អញ្ជើញក្រុមអ្នកគាំទ្រ អតីតបក្សផ្សេងទៀត ឲ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ម្យ៉ាងវិញទៀត សមាជិកបក្សប្រជាជន ក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតគណបក្សដ៏ទៃទៀតបាន បើគេហៅយើង ពីព្រោះថាការរៀបចំហូបនំបញ្ចុករួមគ្នា គឺមិនប្រកាន់ក្រុមបក្ខពួក ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ ហើយការហូបនំបញ្ចុកចង់បង្ហាញ ពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិ កាន់តែរឹងមាំថែមទៀត។

ជាចុងក្រោយ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការហូបនំបញ្ចុកនាថ្ងៃអាទិត្យនេះ គឺជាចលនាមួយដែរបង្ហាញពីការគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារ អង្ករខ្មែរ និងបន្លែបង្ការផ្សេងៗ ដែរអាចយកមកធ្វើជាល្បោយជាមួយនំបញ្ចុកផងដែរ។

យោងតាមលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានឲ្យដឹងថា សមាជិក សមាជិកា គណះបក្សប្រជាជន និង ប្រជាពលរដ្ឋដែលបានចូលរួមហូបនំបញ្ចុកសាមគ្គីជាតិ ទាំង៧សង្កាត់ សរុបទាំងអស់មានចំនួន៣,៣២០នាក់ និង នំបញ្ចុកអស់១,៥៥៥គីឡូក្រាម៕