(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា ក្រោមការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញថៃ កូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ ប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% ហើយបច្ចុប្បន្ននេះ មន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់កុមារ គ-ថ្លង់ពីកំណើត បានចំនួន២០នាក់ហើយ ដោយកុមារទំាងនេះ អាចស្ដាប់ និងនិយាយបាន។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «នេះគឺជាការរីកចម្រើនមួយដ៏អស្ចារ្យ សម្រាប់ប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ក្នុងការប្រតិបត្ដិគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រី ដែលយើងវិវឌ្ឍន៍សេវាសុខាភិបាលសំខាន់ៗរបស់យើង ឱ្យដើរទន្ទឹមនឹងបណ្ដាប្រទេសជិតខាង» ។
ក្នុងឱកាសចុះសួរសុខទុក្ខកុមារ គ-ថ្លង់ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «នៅព្រឹកនេះផងដែរ កុមារគ -ថ្លង់ ៥នាក់ទៀតហើយ ដែលបានមកវះកាត់ គ-ថ្លង់ នៅពេទ្យព្រះអង្គឌួងនេះ ហើយក៏សូមអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវប្រញាប់នាំកូនដែល គ-ថ្លង់ ពីកំណើត មកវះកាត់ ព្រោះកុមារតូចៗងាយឆាប់និយាយបានលឿនជាងមនុស្សធំ ឬចាស់»។
ការបង្រៀនឱ្យចេះនិយាយនេះ បន្ទាប់ពីស្ដាប់បាននេះ មានរយៈពេល៦ខែសម្រាប់កុមារ ដែលមានភាពវ័យឆ្លាតអាចឆាប់ ចាប់បាន និងរយៈពេល១ឆ្នាំ សម្រាប់កុមារដែលមិនសូវចេះនិយាយ។លើសពីនោះ សូមអាណាព្យាបាល ក៏ត្រូវជួយបង្ហាត់ឱ្យកូនៗរបស់ខ្លួន ឱ្យហាត់រៀននិយាយនៅផ្ទះ នូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលា ដើម្បីឱ្យអណ្តាតរបស់កុមារ ក្រលាស់បានលឿន និងឆាប់ចេះនិយាយ និងនិយាយបានច្បាស់។
ទន្ទឹមនឹងនោះ អាណាព្យាបាលរបស់កុមារ គ-ថ្លង់ បានសម្ដែងការសប្បាយរីករាយយ៉ាងខ្លាំង ពេលបន្ដការយកចិត្ដទុក្ខដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខុមាលប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ជាពិសេសការវះកាត់ គ-ថ្លង់នេះ ដោយឥតគិតថ្លៃកន្លងមក។
សូមជម្រាបថា ក្នុងឱកាសរដ្ឋមន្ដ្រីសុខាភិបាល ចុះសំណេះសំណាលសួរសុខទុក្ខ កុមារ គ-ថ្លង់ និងអាណាព្យាបាលរបស់កុមារ លោកក៏បានផ្ដល់ថវិកាមួយចំនួន ជូនដល់កុមារទាំងនោះផងដែរ៕