(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ជាមួយមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់ភូមិ និងសង្កាត់ នៅទូទាំងខណ្ឌដង្កោ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។
លោក នុត ពុធដារ៉ា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News បែបនេះថា ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ខណ្ឌដង្កោ លោកបានដឹកនាំមន្ដ្រីរាជការ និងប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់ទូទាំងខណ្ឌ ប្រមាណរាប់ពាន់នាក់ រៀបចំពិធីហូបនំបញ្ចុកសាមគ្គី។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕