(ភ្នំពេញ)៖ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ទឹងមានជ័យទី២ និងភរិយា លោកស្រី ចន គន្ធា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាច្រើនរូប នៅទីស្នាក់ការភូមិដំណាក់ធំ។
នៅក្នុងពិធីហូបនំបញ្ចុកសាមគ្គីជាតិនាថ្ងៃនេះ ក៏មានការចូលរួមពី លោក ទូច សំអុល ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ លោកស្រី ទាវ ធីតា អនុប្រធាបគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងមានជ័យទី២ ក្រុមការងារសមាជិកគណបក្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់ទៀត ។
លោក ពេជ្រ កែវមុនី បានលើកឡើងថា ការហូបនំបញ្ចុកសាមគ្គីជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន គឺក្នុងន័យ ពង្រឹងស្មារតីរួបរួមស្នេហាជាតិបន្ថែមទៀត ជាមួយបងប្អូនសមាជិកនៅតាមមូលដ្ឋាន។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕