(រតនគិរី)៖ ដោយអនុវត្តតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ប៊ូ ថង សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី បានរៀបចំពិធីហូបនំបញ្ចុកតេជោសន្តិភាព នៅមន្ទីរគណបក្សប្រជាជាជនកម្ពុជាខេត្តរតនគិរី។
កម្មវិធីដ៏អធិកអធមនេះក៏មានការចូលរួមពីលោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ព្រមទាំងសមាជិកអចិន្ត្រៃយ៍បក្សខេត្ត សមាជិកបក្សខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋជាច្រើនរយនាក់ផងដែរ។
គេក៏សង្កេតឃើញអ្នកចូលរួមបានក្រោកពីព្រលឹមស្លៀកពាក់ស្អាតបាត ប្រកបដោយទឹកមុខសប្បាយរីករាយ មានអ្នករៀបចំទឹកសម្លនំបញ្ចុក និងមានបន្លែធម្មជាតិស្រស់ៗ ដូចជា ត្រយ៉ូងចេក ត្រសក់ សណ្តែក កន្ទុមថេត ត្រួយពោន ម្ទេសជាដើម សម្រាប់ការនិយមចូលចិត្តរៀងៗខ្លួន ដែលបង្ហាញពីសាមគ្គីភាព សុខសន្តិភាព។
ចំណែកឯអង្គភាពកងរាជអាវុធហត្ថខេត្តរតនគិរីវិញ មុនចេញប្រតិបត្តិការរៀបចំសន្តិសុខសណ្តាប់ជូនភ្ញៀវ ដែលអញ្ជើញមកហូបនំបញ្ចុកតេជោសន្តិភាពខាងលើនេះ ក៏បានជួបជុំគ្នានៅគេហដ្ឋានលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្ត ក្បែរដំរីលើកជើង កណ្តាលក្រុងបានលុងទាំងព្រលឹម ហូបនំបញ្ចុកជុំគ្នាប្រកបដោយទឹកចិត្តសប្បាយរីករាយ។
ម្យ៉ាងទៀត ពួកគាត់បានភ្លក្សរសជាតិទឹកសម្លនំបញ្ចុក ដែលជាស្នាដៃរបស់លោកស្រី ស៊ឹង សាវិន ជាភរិយាលោកមេបញ្ជាការអាវុធហត្ថខេត្តផ្ទាល់តែម្តង។ លោកស្រី ស៊ឹង សាវិន បានប្រាប់ភ្នាក់ងារ Fresh News នាព្រឹកថ្ងៃនេះថា រូបគាត់បានត្រៀមបន្លែ ត្រីសាច់ តាំងពីល្ងាចមកម្ល៉េះ និងក្រោកតាំងពីព្រលឹមដាំស្ល រៀបចំនំបញ្ចុក រៀបចំបន្លែ ដើម្បីទទួលមន្ត្រីអាវុធហត្ថហូបនំបញ្ចុកមុនចេញប្រតិបត្តិការផងដែរ៕