(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានថ្លែងនូវការអរគុណដល់បងប្អូនជនរួមជាតិ សមាជិក សមាជិកាទាំងអស់ ដែលបានរៀបចំកម្មវិធីហូបនំបញ្ចុកសាមគ្គីជាតិ រួមគ្នាដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា និងនិន្នាការនយោបាយ។
ការថ្លែងអរគុណរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះបន្ទាប់សម្តេចមើលឃើញថា មន្ត្រី និងសមាជិកបក្សតាមមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ នៅព្រឹកនេះ ចាប់ផ្តើមជួបជុំគ្នាហូបនំបញ្ចុកសាមគ្គីជាតិ តាមការអំពាវនាវយ៉ាងផុសផុលដោយក្តីសប្បាយរីករាយ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook ជាមួយនឹងការបង្ហោះរូបភាពពិសានំបញ្ចុកយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិ ហូបនំបញ្ចុកឲ្យបានឆ្ងាញ់នៅក្នុងថ្ងៃសម្រាក ចុងសប្តាហ៍នេះ។ អរគុណដល់បងប្អូនទាំងអស់គ្នា ដែលបានរៀបចំនំបញ្ចុកហូបរួមគ្នា ដោយមិនប្រកាន់ក្រុម ប្រកាន់ជំនឿសាសនា ឬប្រកាន់និន្នាការនយោបាយអ្វីឡើយ។ បងប្អូនហូបនំបញ្ចុកថ្ងៃនេះ គឺបានបង្ហាញពីមិត្តភាព សាមគ្គីភាព ការស្រឡាញ់រាប់អាន និងឯកភាពជាតិយើងកាន់តែរឹងមាំថែមទៀត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕