(ព្រះសីហនុ)៖ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ លោកស្រី លឹម សាមាន បានថ្លែងថា ដោយសារតែកំណើន នៃការអភិវឌ្ឍនាមូលដ្ឋានខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងគំហុកក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ ទន្ទឹមគ្នានេះ កំណើនប្រជាពលរដ្ឋ ដែលចូលមករស់នៅ និងប្រកបមុខរបរផ្សេងៗនាមូលដ្ឋាននេះ ក៏កើនច្រើនដែរ។
លោកស្រីបន្តថា តាមរយៈកំណើនមនុស្សច្រើនខាងលើនេះ មន្ត្រីមន្ទីរសុខាភិបាល ក៏បានសង្កេតឃើញថា ចំនួនប្រជាពលរដ្ឋឈឺជំងឺគ្រុនឈាម នៅខេត្តព្រះសីហនុ ក៏មានអត្រាកើនខ្ពស់ ហើយកំណើនជំងឺគ្រុនឈាមនេះ គឺទាមទារឲ្យប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធចូលរួមបង្ការទប់ស្កាត់ឲ្យបានទាំងអស់គ្នា។
ផ្តើមពីបញ្ហានេះ លោកស្រី លឹម សាមាន បានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩តទៅ ខាងមន្ត្រីជំនាញមន្ទីរ សុខាភិបាលខេត្តព្រះសីហនុ នឹងរៀបចំយុទ្ធនាការចុះដាក់ថ្នាំអាបែត, ចុះអប់រំសុខភាពដល់ប្រជាពលរដ្ឋ និងបាញ់ថ្នាំ សម្លាប់សត្វមូសជាលើកទី២ នៅតាមមូលដ្ឋានមួយចំនួន ដែលមានប្រជាពលរដ្ឋកើតជំងឺគ្រុនឈានច្រើន។
លោកស្រី លឹម សាមាន បានបញ្ជាក់ថា យុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាមលើកទី២ ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុនេះ នឹងចាប់ផ្ដើមពីជាយក្រុង នៃតំបន់អូរត្រេះបន្តចូលមកក្នុងទីប្រជុំជនក្នុងក្រុង និងទៅតាមបណ្តាស្រុកមួយចំនួន នាខេត្តព្រះសីហនុ ដែលប្រជាពលរដ្ឋកើតមានជំងឺគ្រុនឈាមច្រើន។
មន្ទីរសុខាភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការចុះដាក់ថ្នាំអាបែត លុបបំបាត់មូសខ្លា បង្ការទប់ស្កាត់ជំងឺគ្រុនឈាមជាលើកទី១ ក្នុងឆ្នាំនេះ បានចាប់ផ្តើមកាលពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០១៩ថ្មីៗនេះ។
ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននានា ត្រូវចូលរួមសហការ ជាមួយមន្ត្រីសមន្ទីរសុខាភិបាល ដែលចុះធ្វើសកម្មភាពដាក់ថ្នាំអាបែត ដើម្បីកំចាត់មូសខ្លាលុបបំបាត់ជំងឺគ្រុនឈាម ឲ្យបានទាំងគ្នា នៅតាមលំនៅដ្ឋានរៀងៗខ្លួន។ ជាងនេះទៀត លោកស្រី លឹម សាមាន ក៏ស្នើដល់ប្រជាពលរដ្ឋ ត្រូវចូលរួមសម្អាតបរិស្ថាននៅជុំវិញលំនៅដ្ឋានរបស់ខ្លួន ឲ្យមានអនាម័យល្អ ដើម្បីឈានទៅលុបបំបាត់ជម្រកមូសខ្លាពងកូន ដែលជាប្រភពចម្លងជំថឺគ្រុនឈាម ឲ្យអស់ជាស្ថាពរ។
លោកស្រីប្រធានមន្ទីរបានឲ្យដឹងដូច្នេះ រួចក៏បានរំលឹកដល់អាណាព្យាបាលគ្រប់ៗរូប ត្រូវការពារកូនៗរបស់ខ្លួន ដោយត្រូវស្លៀកសម្លៀកបំពាក់ គឺត្រូវពាក់អាវដៃវែង និងខោជើងវែងឲ្យបានគ្រប់ៗគ្នា។ ត្រង់ចំណុចនេះ លោកស្រី លឹម សាមាន បានសង្កត់ធ្ងន់ថា ដើម្បីឲ្យការងារបង្ការទប់ស្កាត់ និងលុបបំបាត់ជំងឺគ្រុនឈាម អនុវត្តមានប្រសិទ្ធភាព គឺទាល់តែមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋ និងផ្នែកពាក់ព័ន្ធទាំវិស័យឯកជន និងរដ្ឋឲ្យបានទាំងអស់គ្នា ទើបយុទ្ធនាការលុបបំបាត់ជំងឺគ្រុនឈាមទទួលបានជោគជ័យ៕