(ភ្នំពេញ)៖ ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ជាពិសេសមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមពិសារនំបញ្ចុកទាំងអស់គ្នា ហើយកំណត់យកថ្ងៃទី៩ ខែមិថុនា នេះ ជាថ្ងៃនៃការប្រារព្ធពិធីពិសានំបញ្ចុកសាមគ្គីជាតិផងនោះ បានធ្វើឲ្យអ្នកធ្វើនំបញ្ចុក និងអ្នកលក់នំបញ្ចុក ក៏ដូចជាអ្នកពិសារីករាយសប្បាយចិត្ត លើការអំពាវនាវនេះយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះក៏មានក្រុមគ្រួសារមួយបានយកថ្ងៃមង្គលការរបស់កូន ជាឱកាសពិសានំបញ្ចុកសាមគ្គីទៀតផង។
ដើម្បីចូលរួមតាមអនុសាស្រ្តរបស់សម្ដេច ក្រុមគ្រួសាររបស់លោក ញ៉ែម ញាណ ដែលបានរៀបមង្គលការរបស់កូនប្រុសចំថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានសម្រេចជ្រើសរើសយកនំបញ្ចុកសម្រាប់ដាក់ទទួលភ្ញៀវពិសានៅពេលព្រឹក បន្ថែមពីលើបបរដែលមានស្រាប់ បន្ទាប់ពីពិធីហែជំនូនបានចប់រួចរាល់។
ពិធីមង្គលការដែលធ្វើឡើងក្នុងវិមានចរណៃ (ចេនឡា) ដែលកូនកម្លោះមានឈ្មោះ ញ៉ែម សុប៉ូល និងកូនក្រមុំឈ្មោះ ឯម សុធាលីន។ បើតាមលោក ញ៉ែម ញាណ ឪពុកខាងកូនកម្លោះបានឲ្យដឹងថា បានជាលោកជ្រើសរើសយកនំបញ្ចុកមកធ្វើជាអាហារទទួលភ្ញៀវនៅពេលព្រឹកនេះគឺ «ដើម្បីចូលរួមអបអរសាទរ នូវទិវានៃការទទួលទាននំបញ្ចុកសាមគ្គីភាព និងឯកភាពជាតិ រឺអាចហៅបានថា ការពិសារនំបញ្ចុកតេជោសន្តិភាព។ ដែលជាការអំពាវនាវពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
នៅក្នុងឱកាសនេះ ម្ចាស់ដើមការខាងក៏សូមជូនពរដល់បណ្តាថ្នាក់ដឹកនាំប្រទេស មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចំរើន ព្រមទាំងចូលរួមពិសានំបញ្ចុកទាំងអស់គ្នា។
ខាងក្រោមនេះ គឺជាកំរងរូបថតនៃទិដ្ឋភាព ក្រុមគ្រួសារលោក ញ៉ែម ញាណ រួមទាំងភ្ញៀវកិត្តិយសទាំងអស់កំពុងតែទទួលទាន នំបញ្ចុក សម្លខ្មែរយ៉ាងសប្បាយរីករាយ ដោយមើលទៅពិតជាទំនងខ្លាំងណាស់ ព្រមទាំងមានបន្លែស្រស់ៗ ហូបជាមួយ នំបញ្ចុកផងដែរ៕