(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញផ្សេងៗទៀត នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំពិធីហូបនំបញ្ចុកសាមគ្គីជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងអ្នកធាក់ស៊ីក្លូ ប្រមាណ៣០០នាក់ នៅបរិវេណសាលារាជធានីភ្នំពេញ។
នៅព្រឹកដដែលនេះ បន្ទាប់ពីបញ្ចប់ការហូបនំបញ្ចុកជាមួយអ្នកធាក់ស៊ីក្លូ ហើយនោះលោកអភិបាលរាជធានីភ្នំពេញ ក៏ចូលរួមក្នុងពិធីហូបនំបញ្ចុកសាមគ្គីជាតិជាមួយបងប្អូនសហជីព និងកម្មករប្រមាណ៤ពាន់នាក់ នៅក្នុងបវិវេណវត្តជម្ពូវ័ន្ត ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សូមជម្រាបថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ណែនាំដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនានេះ៕