(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញពិសានំបញ្ចុកសាមគ្គីជាតិ ជាមួយកម្មករសំណង់នៃកងកម្លាំងវិស្វ័យកម្មសម្តេចតេជោ៦០០នាក់ ដែលកំពុងសាងសង់អគារទីស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា (គ៨៥) នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងបរិយាកាសដ៏សែនរីករាយនោះ ទាំងសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងកម្មករទាំងអស់បានពិសានំបញ្ចុកយ៉ាងឆ្ងាញ់។
ដើម្បីជាយុទ្ធសាស្ត្រវាយបំបែកយុទ្ធសាស្ត្រច្រេះស៊ីដែករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈបំផុសឱ្យមានចលនាជួបជុំ «ហូបនំបញ្ចុក»នោះ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៣ ខែមិថុនា ដើមសប្តាហ៍នេះ បានប្រកាសឱ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារួមគ្នាហូបនំបញ្ចុកនៅថ្ងៃអាទិត្យ ទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នំបញ្ចុកមិនមែនជាកម្មសិទ្ធិរបស់បក្សនយោបាយណាមួយនោះទេ វាជារបស់ជាតិខ្មែរទាំងមូល។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា មានតែនំបញ្ចុកសាមគ្គីជាតិ បង្រួបបង្រួមជាតិ មិនមែននំបញ្ចុកបំបែកបំបាក់ជាតិនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសបើកទូលាយឱ្យសមាជិក សមាជិកាបក្សប្រជាជនហៅក្រុមអ្នកគាំទ្រអតីតបក្សប្រឆាំងឱ្យមកចូលរួមហូបនំបញ្ចុកជាមួយគ្នា ឬក៏អាចទៅហូបជាមួយអ្នកគាំទ្រអតីតប្រឆាំងវិញផងដែរ បើគេហៅ។
សម្តេចតេជោ បានចាត់ទុកការហូបនំបញ្ចុកនៅថ្ងៃអាទិត្យនេះ ជាចលនាគាំទ្រផលិតផលខ្មែរ ជំរុញទីផ្សារអង្ករខ្មែរ និងបន្លែបង្ការផ្សេងៗដែលយកមកធ្វើល្បោយនំបញ្ចុកផងដែរ។
ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានឃើញមានចលនាគាំទ្រនំបញ្ចុកមានសកម្មភាពផុលផុសឡើង។ ការលក់នំបញ្ចុកក៏ដាច់ជាសព្វមួយដងផងដែរ៕