Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជនរងគ្រោះស្លាប់១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺ មានមន្ត្រីគយ ៣នាក់

08-06-2019 21:41

(កំពង់ស្ពឺ)៖ ក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិត ១១នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅខេត្តកំពង់ស្ពឺនោះ មានជនរងគ្រោះ ៣នាក់ជាមន្ត្រីគយបម្រើការងារនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ។

យោងតាមមន្ត្រីបម្រើការនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រាប់ Fresh News ឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា មន្ត្រីគយទាំង៣នាក់រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងបីនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។

ជនរងគ្រោះជាមន្ត្រីគយនេះ ត្រូវបានបញ្ជាក់ថា ធ្វើដំណើរតាមរថយន្តហាយឡែកឌ័រ។

ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ សម សាមួន បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ទិន្នន័យជាបឋមគ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ ស្រី ១នាក់ និងរបួស ៤នាក់។

បើតាមលោកស្នងការជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតមាន ៦នាក់ ជិះនៅក្នុងរថយន្ត HIGHLANDER និង ៤នាក់ទៀតជិះនៅក្នុងរថយន្តទេសចរណ៍២៤កៅអី។ រីឯអ្នករងរបួស ៤នាក់ទៀតជាអ្នកធ្វើដំណើរលើរថយន្តទេសចរណ៍២៤កៅអី៕


(ជនរងគ្រោះ ជន់ ច័ន្ទរិទ្ធ)


(ជនរងគ្រោះ គឹម ឆាត)


(ជនរងគ្រោះ ហេង មករា)