(រតនគិរី)៖ រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី និងលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺ ដែលបានកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដោយសារកើតើជំងឺគ្រុនឈាម។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, ទេសរដ្ឋមន្រ្តី លី ធុជ បានពាំនាំការសួរសុខទុក្ខ និងសេចក្ដីនឹករលឹកជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានកំពុងសម្រាកព្យាបាល និងកុមារា កុមារីចំនួន ៧៨នាក់ ដែលកំពុងកើតជំងឺគ្រុនឈាម និងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។

នៅពេលចុះសួរសុខទុក្ខនោះ ទេសរដ្ឋមន្រ្តី បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើអនាម័យនៅកន្លែងដែលបងប្អូនកំពុងរស់នៅឲ្យបានស្អាត ត្រូវបំបាត់ជម្រកមូសខ្លា ជាពិសេស ត្រូវដេកក្នុងមុង ជាប្រចាំហើយប្រសិនបើកូនតូចៗមានអាការៈក្តៅខ្លួនខ្លាំង ត្រូវយកមកមន្ទីរពេទ្យរបស់រដ្ឋជាបន្ទាន់ពេល ពីព្រោះមន្ទីរពេទ្យរដ្ឋមានគ្រូពេទ្យជំនាញ សម្ភារ និងឧបករណ៍សង្គ្រោះត្រឹមត្រូវ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អភិបាលខេត្តរតនគិរី និងលោកប្រធានមន្ទីរសុខាភិបាល អនុប្រធានមន្ទីរ មន្រ្តី បុគ្គលិក នៃមន្ទីរសុខាភិបាលទាំងអស់ ដែលបានយកចិត្តទុកយ៉ាងខ្លាំងដើម្បីដាក់ទប់ស្កាត់ការផ្ទុះរាលដាលជំងឺគ្រុនឈាមនៅក្នុងខេត្តរតនគិរីនាឆ្នាំនេះ ហើយលោកទេសរដ្ឋមន្រ្តី សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកគ្រូ-អ្នកគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺដោយមិនខ្លាចការនឿយហត់ និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ដែលបានផ្តល់អំណោយ ជាសម្ភារ ជូនដល់កុមារា កុមារី ដែលមានជំងឺគ្រុនឈាម និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

ឆ្លៀតក្នុងឱកាសនោះផងដែរ ទេសរដ្ឋមន្រ្តី និងក្រុមគ្រូពេទ្យខេត្តរតនគិរី បានចុះសួរសុខទុក្ខ និងយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកស្រី ក្លែម ប្រណន់ ដែលជាមន្រ្តីឆ្មប បម្រើការនៅមណ្ឌលសុខភាពប៉ូយ ឃុំប៉ូយ ស្រុកអូរជុំ ដែលមានជំងឺធ្ងន់ធ្ងរសម្រាកនៅផ្ទះ៕