(ស្វាយរៀង)៖ សភាពាណិជ្ជកម្មខេត្តស្វាយរៀង រៀបចំការបោះឆ្នោតជ្រើសរើសប្រធាន និងសមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅអាណត្តិទី១ លើកទី២ ដែលបានធ្វើឡើងចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៣រសៀល ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក្រោមវត្តមានលោក វ៉េង សុធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដោយមានបេក្ខជនឈរឈ្មោះចំនួន០៨រូប។
នៅក្នុងឱកាសនោះ លោក វ៉េង សុធី បានលើកឡើងថា សភាពាណិជ្ជកម្មខេត្តស្វាយរៀង គឺជាស្ថាប័នតំណាងវិស័យឯកជនក្នុងខេត្ត ដែលបានទាក់ទាញ ការវិនិយោគ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តឲ្យមានការរីកចម្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដើម្បីបង្កើតការងារលើកកម្ពស់ សហគ្រាសធុនតូច និងមធ្យម សហគ្រិនភាព ពង្រឹងភាពប្រកួតប្រជែងក្បាលម៉ាស៊ីន និងជំរុញសេដ្ឋកិច្ចក្នុងខេត្ត ឲ្យមានដំណើរការបានឆាប់រហ័សបន្ថែមទៀត។
លោកក៏បានណែនាំ ដល់លោកប្រធាន និងសមាជិកសភាពាណិជ្ជកម្ម ដែលទើបជាប់ឆ្នោតថ្មីទាំងអស់ ត្រូវប្រកាន់នូវសាមគ្គីភាព កិច្ចសហប្រតិបត្តិការ ជាមួយដៃគូរ វិនិយោគទាំងឯកជន និងរដ្ឋ ដើម្បីកសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែខ្លាំងក្លា ឆ្ពោះទៅមុខក្រោមម្លប់ នៃសន្តិភាពដែលកម្ពុជា កំពុងតែមាននៅពេលបច្ចុប្បន្ននេះផងដែរ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មខេត្តស្វាយរៀង នៅអាណត្តិទី១ លើកទី២នេះ គឺបានទៅលើលោក សុក រ៉ាដូ ប្រធានក្រុមហ៊ុន លីត ប៉ាណាសឺវីសត្រេឌីង ឯ.ក ធ្វើជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង។
លោក សុក រ៉ាដូ បានឡើងប្តេជ្ញាចិត្ត នៅចំពោះសមាជិកសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានលើកឡើងថា ជំហ៊ានដំបូងត្រូវធ្វើកន្លែងសភាពាណិជ្ជកម្មខេត្ត ឲ្យបានសមរម្យដើម្បីធ្វើការងារ ហើយខិតខំប្រឹងប្រែងស្វែងរកទីផ្សារជូនប្រជាពលរដ្ឋ ដែលផលិតកសិផលបាន និងបន្តគៀងគរអ្នកវិនិយោគមករកស៊ីនៅក្នុងខេត្ត បានច្រើនបន្ថែមទៀត ជាពិសេសរកអ្នកវិនិយោគដែលធ្វើការវិនិយោគឲ្យត្រូវទៅ និងមុខរបររបស់អាជីវករដែលកំពុងប្រកបរបររកស៊ីនាពេលបច្ចុប្បន្ននេះ៕