(ប៉ៃលិន)៖ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត បានបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែ ចូលសាលាឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរចេញ-ចូល ក្នុងការផ្តល់សេវាសាធារណៈនានាជូនពលរដ្ឋ ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។
លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងដោះស្រាយ នូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម។
លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ការស្ថាបនាផ្លូវបេតុងនេះ គឺមានតួនាទីជួយសម្រួលបានមួយកម្រិត ដល់ដំណើរការ នៃការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលឃុំ ជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព មានការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ដោយរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាពលរដ្ឋគ្រប់រូបនៅមូលដ្ឋាន។
លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ-ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយ បញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
សូមបញ្ជាក់ថា ផ្លូវបេតុង១ខ្សែ ចូលសាលាឃុំស្ទឹងកាច់ ដែលអាជ្ញាធរខេត្តប៉ៃលិន បានចាប់ផ្តើមបើកការដ្ឋានស្ថាបនា នាពេលនេះមានប្រវែង១០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចាប់ពីចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយប្រើប្រាស់កញ្ចប់ថវិកា គម្រោងអភិវឌ្ឍន៍ខេត្ត និងបញ្ចប់ការស្ថាបនានៅដំណាច់ខែមិថុនានេះ៕