(សៀមរាប)៖ បងប្អូនគ្រួសារទីទ័លក្រ ជនពិការ ចាស់ជរាគ្មានទីពឹង និងរស់នៅជាមួយមេរោគអេដស៍ ស្ត្រីមេម៉ាយទីទ័លក្រ និងអ្នកជំងឺរ៉ាំរ៉ៃទីទ័លក្រ ចំនួន២១គ្រួសារ មកពី៧ភូមិ ក្នុងឃុំជីក្រែង ស្រុកជីក្រែង បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្ត នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការសាខា និងអនុសាខា អាជ្ញាធរដែនដីផងដែរ។
ថ្លែងក្នុងឱកាសនោះ លោក ទៀ សីហា ក៏បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុក ដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកបានបញ្ជាក់ថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែនេះជាការជួយគ្នាក្នុងគ្រាលំបាក ហើយក៏ជាការបង្ហាញនូវការយកចិត្តទុក ដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ សំខាន់កាកបាទក្រហមកម្ពុជា ដូចដែលបានលើកឡើងថា «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកក៏បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ធ្វើយ៉ាងណាត្រូវប្រុងប្រយ័ត្ន នៅពេលដែលមានប្រធានស័ក្តណាកើតឡើង សូមឲ្យបងប្អូនរត់រកទីកន្លែងមានសុវត្ថិភាព និងមានភ្លៀង ផ្គររន្ទះ សូមកុំប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលងាយបង្កភាពគ្រោះថ្នាក់ដល់ខ្លួន។ ម៉្យាងទៀត ក្នុងពេលរដូវវស្សាចូលមកដល់សូមបងប្អូនយកចិត្តទុកដាក់ ចំពោះកូនតូចៗរបស់ខ្លួន កុំឲ្យមានជំងឺសង្កាត់ គឺត្រូវសម្លៀកបំពាក់ឲ្យជិតខ្លួន ការពារកុំឲ្យមូសខ្លាខាំ ដោយបច្ចុប្បន្ននេះ បញ្ហាជំងឺគ្រុនឈាមបានកំពុងយាយីមកលើមនុស្សគ្រប់វ័យ។
ដូច្នេះត្រូវធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋានខ្លួនឲ្យបានល្អ ក្នុងការបញ្ជៀសនូវបញ្ហាទាំងនេះ បើមានកូនចៅមិនស្រួល ត្រូវប្រញាប់យកទៅកាន់ មណ្ឌលសុខភាពដែលនៅជិតមូលដ្ឋានខ្លួន។ ម៉្យាងទៀតនេះ ជារដូវវស្សា សូមបងប្អូនប្រញាប់រួតរះធ្វើការភ្ជួររាស់ សាបព្រោះស្រូវឲ្យបានទាន់រដូវ ព្រមទាំងធ្វើការ ដាំដុះនូវដំណាំរួមផំ្ស ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ទ្រទ្រង់ជីវភាពក្រុមគ្រួសារប្រចាំថ្ងៃផងដែរ។
ក្នុងឱកាសនោះដែរ លោក ទៀ សីហា ក៏បានធ្វើការជំរុញឲ្យសាលាខេត្ត ត្រូវធ្វើការត្រួតពិនិត្យ និងរៀបចំធ្វើការសាងសង់ អគារសាលាឃុំជីក្រែង ដែលបច្ចុប្បន្ននេះ អគារឈើមានសភាពចាស់ទ្រុឌទ្រោម ដើម្បីជៀសវាងនូវបញ្ហាគ្រោះថ្នាក់ នៅក្នុងពេលបំពេញការងារ និងប្រជាពលរដ្ឋមកទទួលសេវាផងដែរ។
ចំពោះអំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ប្រេងឆា២ដប, ស្ករស២គីឡូក្រាម, ទឹកដោះគោខាប់៥កំប៉ុង និងថវិកា៥ម៉ឺនរៀល ផងដែរ៕