(ភ្នំពេញ)៖ «ពូជាតិ! ក្មួយចង់ញាំភីហ្សា និងភេសជ្ជៈអាម៉ាហ្សុនណាស់»។ នេះជាសំដីខ្សឹបប្រាប់ពីក្មួយៗ រស់នៅក្នុងអង្គការមើលថែទាំក្មេងកំព្រា ដែលក្មួយៗមិនអាចតស៊ូជួយខ្លួនឯង ប្រយុទ្ធប្រឆាំងនឹងវាសនាដូចមនុស្សធំបានទេ។ ក្មេងគ្រប់រូបកើតមក គឺត្រូវការភាពកក់ក្តៅ ការមើលថែត្រឹមត្រូវ បង្រៀន អប់រំខ្លាំងណាស់ ដើម្បីឲ្យជីវិតមានសុខភាពទាំងផ្លូវចិត្ត និងផ្លូវកាយល្អ បញ្ញា និងការរីកចម្រើនលូតលាស់ត្រឹមត្រូវ ក្មេងនៅតូច អត់មានកំហុស ហើយក៏អត់ដឹងអីដែរ ការឈឺចាប់ គឺប៉ះពាល់ដល់សតិអារម្មណ៍ និងការលូតលាស់ផ្លូវកាយ និងបញ្ញាខ្លាំងណាស់។
ក្រោមមេឃតែមួយ តែមានវាសនាខុសគ្នា មានក្មេងជាច្រើនដែលកើតមកក្នុងលោកហើយមានជីវិតអភ័ព្វ មិនបានទទួលការមើលថែ រៀនសូត្រត្រឹមត្រូវ ក្មេងខ្លះថែមទាំងជួបរឿងឈឺចាប់យ៉ាងខ្លាំង ដូចជា កើតមកពិការ ជួបគ្រោះថ្នាក់ទាំងនៅតូច ត្រូវគេចាប់រំលោភយ៉ាងសាហាវ ប៉ងសម្លាប់ និងជួបរឿងឈឺចាប់ជាច្រើនផ្សេងៗទៀត។ ក្មេងៗ ដែលជួបរឿងអស់នេះ គឺឈឺចាប់ណាស់ ហើយពួកគេស្រែករកអ្នកជួយ ជួយយកពួកគេចេញពីជីវិតឈឺចាប់សាហាវបែបនេះ ជួយឲ្យពួកគេបានរៀនសូត្រចូលសាលាផង។
ដោយបានជួបផ្ទាល់ និងឃើញច្បាស់ពីបញ្ហាអស់នេះហើយ លោក ហ៊ុន គឹមជាតិ បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបានជួយក្មេងៗរងគ្រោះជាច្រើន និងជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ឲ្យមានជីវិតប្រសើរឡើង និងពេលវេលារីករាយច្រើនជាងមុន។
ជាក់ស្តែង ដូចនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ហ៊ុន គឹមជាតិ រួមគ្នាជាមួយលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ដើម្បីនាំក្មួយស្រីតូចៗ គួរឲ្យអាណិត និងស្រលាញ់ចំនួន ៧០នាក់ នៅអង្គការអាហ្វេស៊ីបកម្ពុជា (រងគ្រោះដោយសារមនុស្សអាក្រក់សាហាវរំលោភ ហើយខ្លះប៉ងសំលាប់ថែមទៀត) មកញាំភីហ្សាទាំងអស់គ្នា នៅហាងភីហ្សាខមផេននីសាខាអ៊ីអន២។ ជាមួយការទទួលទានភេសជ្ជៈ អាម៉ាហ៊្សូន (ទទួលបានការជួយផ្តល់ឲ្យដោយមិនគិតថ្លៃពីហាងអាម៉ាហ្សុនសាខាអូឡាំពិក) ព្រោះប្រហែលកន្លះខែមុន ពេលលោក ហ៊ុន គឹមជាតិ យកអំណោយអង្ករ កុំព្យូទ័រ និងសំភារៈផ្សេងៗទៀត ទៅជួយ និងជួបក្មួយៗផ្ទាល់នៅអង្គការអាហ្វេស៊ីបកម្ពុជា ក្មួយៗបានខ្សឹបប្រាប់ថា «ពូជាតិ ក្មួយចង់ញាំភីហ្សា និងភេសជ្ជៈអាម៉ាហ្សុនណាស់» ដូច្នេះលោក ហ៊ុន គឹមជាតិ ចងចាំ និងសន្យាថា សំរេចបំណងប្រាថ្នាក្មួយៗ ដើម្បីចង់ឃើញស្នាមញញឹមរបស់ក្មួយៗ និងធ្វើឲ្យក្មួយៗសប្បាយចិត្ត។
ជាចុងក្រោយលោក ហ៊ុន គឹមជាតិ សូមអំពាវនាវដល់បងប្អូនខ្មែរគ្រប់គ្នា សូមចូលរួមទាំងអស់គ្នា ទោះតិច ឬច្រើនក្តី ដើម្បីជួយកុមារដែលរងគ្រោះនៅកម្ពុជាឲ្យមានជីវិតល្អ និងស្នាមញញឹមដូចកុមារដទៃផង ហើយលោកសូមប្តេជ្ញាចិត្តថា និងប្រឹងប្រែងជាងនេះទៀត បន្តសកម្មភាពជួយកុមាររងគ្រោះ រហូតរាល់ថ្ងៃឲ្យអស់ពីសមត្ថភាពដែលលោកអាចធ្វើបាន៕