(ភ្នំពេញ)៖ ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឲ្យពលរដ្ឋទាំងអស់ ជាពិសេសមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ចូលរួមពិសានំបញ្ចុកទាំងអស់គ្នា ហើយកំណត់យកថ្ងៃទី៩ ខែមិថុនា ជាថ្ងៃនៃការពិសារនំបញ្ចុកសាមគ្គីជាតិផងនោះ បានធ្វើឲ្យអ្នកធ្វើនំបញ្ចុក នឹងអ្នកលក់នំបញ្ចុក ក៏ដូចជាអ្នកពិសាររីករាយសប្បាយចិត្ត លើការអំពាវនាវនេះយ៉ាងខ្លាំង។
បើទោះការពិសារនំបញ្ចុកសាមគ្គីនេះ ជាផ្នែកមួយក្នុងការលើកកម្ពស់ស្នាដៃផលិតនំខ្មែរ ហើយក៏ជាឱកាសបង្ហាញឲ្យបរទេសដឹងថា ខ្មែរមាននំបញ្ចុក ដែលមានរសជាតិឆ្ងាញ់ ដែលអាចបរិភោគជាមួយទឹកសម្លជាច្រើនមុខ។ សម្លសម្រាប់ស្រូបពិសារជាមួយនំបញ្ចុកមានដូចជា សម្លរប្រហើរ សម្លការី សម្លណាំយ៉ា ឬអាចជ្រើសរើសពិសារជាមួយទឹកត្រីផ្អែម ទៅតាមចំណង់ចំណូលចិត្តរបស់ពលរដ្ឋនីមួយៗ។
បន្ទាប់ពីមានពលរដ្ឋជាច្រើនបានសម្រុកមកកម្ម៉ង់ ម្ចាស់សិប្បកម្មផលិតនំបញ្ចុកមួយកន្លែងនៅជិតស្ពានព្រែកហូរ លោក កុក យូម៉េង បានលើកឡើងថា ចាប់តាំងពីមានការអំពាវនាវពីសម្ដេចសិប្បកម្មរបស់លោក មានភាពមមារញឹកខ្លាំង។ ជាពិសេសនៅថ្ងៃទី៩ ខែមិថុនា ម្ចាស់សិប្បកម្មនំបញ្ចុកខាងលើទទួលបានការកម្ម៉ង់ជាង១តោនឯណោះ ម្ល៉ោះហើយទើបធ្វើឲ្យលោកមិនអាចទទួលការកម្ម៉ង់បន្ថែមទៀត។ ដោយក្ដីរីករាយ សម្រាប់ម្ចាស់សិប្បកម្មខាងលើ បានបង្ហាញការសប្បាយចិត្តចំពោះការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តីយ៉ាងខ្លាំង។ ដោយលោកបានលើកឡើងដូច្នេះថា «ខ្ញុំគិតថាល្អ ដោយសារដើម្បីឲ្យប្រជាជនស្គាល់ថា នំបញ្ចុកនេះគឺជារបស់ខ្មែរតែម្ដង ដល់សម្ដេចមានអនុសាសន៍បែបនេះគឺល្អខ្លាំងតែម្ដងខ្ញុំទទួលយក។ មិនមែននិយាយទៅឲ្យគេមកញ៉ាំនំបញ្ចុកយើងឲ្យបានច្រើនអីទេ ប៉ុន្តែធ្វើបែបនេះដើម្បីឲ្យគេស្គាល់ គេមិនសូវចូលចិត្តញ៉ាំទេនំបញ្ចុកហ្នឹង បន្តែអាហ្នឹងជារបស់ខ្មែរមួយល្អណាស់ របស់ខ្មែរនំបញ្ចុកយើងហ្នឹង»។
មិនមែនតែម្ចាស់សិប្បកម្មទេ ដែលសប្បាយចិត្ត សូម្បីតែកម្មករនៅក្នុងសិប្បកម្មផ្ទាល់ក៏មានភាពរីករាយចំពោះអនុសាសន៍ របស់សម្ដេចនាយករដ្ឋមន្រ្តីផងដែរ ដោយសារតែអាចទទួលការបន្ថែម ហើយប្រាក់ចំណូលក៏បានច្រើនជាងមុនផងដែរ បើទោះបីជាហត់ខ្លះក៏ពិតមែន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ នៅពេលដែលនំបញ្ចុកទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋកាន់តែច្រើននោះ សិប្បកម្មផលិតនំបញ្ចុកក៏អាចទទួលបុគ្គលិកបន្ថែមទៀត ដែលជាប្រភពការងាររបស់ពលរដ្ឋនៅក្នុងដំបន់ក្បែរៗនោះថែមទៀត។ នេះបើតាមការលើកឡើងរបស់កញ្ញា ស៊ុយ សែម ដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ហើយបានមកធ្វើការក្នុងសិប្បកម្មផលិតនំបញ្ចុករបស់លោក កុក យូម៉េង អស់រយៈពេល២ឆ្នាំមកហើយ។
កញ្ញា ស៊ុយ សាំង បញ្ជាក់យ៉ាងដូច្នេះថា៖ «ពេលគេកម្ម៉ង់ច្រើនអីចឹងសប្បាយ ប៉ុន្តែមានអារម្មណ៍ថាហត់តិច យ៉ាងណាពេលមានការងារច្រើនអីចឹងគាត់(ថៅកែ) ឲ្យប្រាក់កាក់មកយើងដែរ»។
នៅពេលដែលមានការគាំទ្រច្រើនមិនមែនតែម្ចាស់សិប្បកម្ម និងបុគ្គលិកទេដែលសប្បាយរីរាយ សូម្បីតែអ្នកទទួលយកទៅលក់បន្តក៏អាចរកប្រាក់ចំណូលបានច្រើនជាងមុនពីការលក់នំបញ្ចុកនេះផងដែរ។ នេះបើតាមការបញ្ជាក់ពីអ្នកស្រី ឡុញ ធី ដែលតែងតែលក់នំបញ្ចុកនៅចំណុចគល់ស្ពានព្រែកហូរ។ អ្នកស្រីលើកឡើងបែបនេះ ព្រោះមិនពិបាកចិត្តថាលក់សល់ ត្រូវចាក់ចោល។
អ្នកស្រី ឡុញ ធី បញ្ជាក់យ៉ាងដូច្នេះថា៖ «បើយើងលក់ធម្មតាមួយថ្ងៃបានត្រឹម១៥០គីឡូអីហ្នឹងវាអត់ទៀង បើមានអ្នកកម្ម៉ង់បាន២០០គីឡូអី តែបើអត់បានត្រឹម១០០ជាងៗ។ ពេលគេត្រូវការនំបញ្ចុកគេកម្ម៉ង់យើងអ្នកលក់នំបញ្ចុកគឺអ ព្រោះវាបានច្រើនគីឡូ សប្បាយចិត្តអីចឹងទៅ។ បើអត់មានអ្នកកម្ម៉ង់យើងអង្គុយលក់តាមដំណើរទៅ បើថ្ងៃលក់ដាច់ៗ បើលក់មិនដាច់មានតែចាក់ចោល។ សម្រាប់ថ្ងៃអាទិត្យ ទី៩នេះ គឺកម្ម៉ង់បាន៥០០-៦០០គីឡូដែរ ម្នាក់តិចៗ»។
ភាពសប្បាយរីករាយនេះ ដោយសារតែមានអ្នកគាំទ្រនំបញ្ចុកកាន់តែច្រើននេះ ក៏បានចូលទៅដល់អ្នកលក់នំបញ្ចុកទាំងទីតាំងតូច ទីតាំងធំ ដោយមានអតិថិជនច្រើនជាងមុន បានមកពិសារ។ អស់រយៈពេល៥ឆ្នាំ ក្រោយពីបានលក់នំបញ្ចុកនៅផ្លូវក្រោយផ្សារទួលទំពូងរួចមក អ្នកស្រី ឡុច ស៊ីណា ជាប្រចាំអ្នកស្រីបានលក់ក្នុងមួយថ្ងៃ១៥គីឡូ ដោយមានទឹកសម្លប្រហើ ការី ណាំយ៉ា និងនំបញ្ចុកស្រុះ។ នំបញ្ចុកស្រុះដែលពលរដ្ឋខ្មែរមួយចំនួនយល់ច្រឡំថា មានប្រភពមកពីប្រជាជនវៀតណាម តាមពិតនំបញ្ចុកនេះកើតចេញពីបងប្អូនខ្មែរកម្ពុជាក្រោម ដែលមានឈ្មោះថា នំបញ្ចុកទឹកសម្ល។
អ្នកស្រី ឡុច ស៊ីណា បានបញ្ជាក់យ៉ាងដូច្នេះ៖ «បន្លែមានដូចជាត្រសក់ ត្រយ៉ូងចេក ស្ពៃក្ដោប ព្រលិត ផ្កាស្នោ ផ្កាកំប្លោកជាដើម សម្លមានដូចជាសម្លប្រហើរ ការី ណាំយ៉ា ចំណែកឯនំបញ្ចុកស្រុះនេះតាមបងដឹងក៏មានប្រភពមកពីខ្មែរយើងដែរ តែខ្មែរយើងខ្លះថាមកពីយួន តាមពិតយួនច្នៃពីយើងទេ ដូច្នេះកុំយល់ច្រឡំអី។ ហើយបើបានសម្ដេចប្រកាសបែបនេះ បងជឿថានិងមានអ្នកគាំទ្រនំបញ្ចុកខ្មែរយើងកាន់តែច្រើន បងជឿថាយ៉ាងនេះ»។
ក្រោយពីយើងបានជួបសម្ភាសជាមួយប្រជាពលរដ្ឋអាជីវករ ដែលជាអ្នកធ្វើ និងអ្នកលក់នំបញ្ចុករួចហើយ នៅពេលនេះយើងនឹងបង្ហាញលោកអ្នកនាងអំពីរបៀបនៃការធ្វើនំបញ្ចុកវិញម្ដង។ បើតាមការរៀបរាប់ពីលោក កុក យូរម៉េង ម្ចាស់សិប្បកម្មផលិតនំបញ្ចុក បានឲ្យដឹងថា ទម្រាំបានចេញជាសរសៃនំបញ្ចុកមកលក់ក្នុងទីផ្សារបាន គឺត្រូវចំណាយពេលអស់១ថ្ងៃកន្លះ រាប់តាំងពីត្រាំអង្ករ កិនម្សៅ និងសង្កត់ជាសរសៃនំជាដើម ហើយដើម្បីឲ្យនំមានរស់ជាតិឆ្ងាញ់គឺអាស្រ័យលើអង្ករ បើអង្ករល្អ មានរស់ជាតិឈ្ងុញឆ្ងាញ់ និងមានភាពស្វិតល្អផងដែរ។
លោក កុក យូរម៉េង បានឲ្យដឹងថា៖ «ដំបូងយើងត្រាំអង្ករមួយយប់ ស្អែកព្រលឹមឡើងយើងយកមកកិន យើងកិនជាម្សៅរួចហើយ យើងយកម្សៅហ្នឹងទៅសង្កត់ឲ្យច្រោះទឹកឲ្យអស់ បន្ទាប់មកយើងយកវាមកព្យួរវាទុក យើងព្យួរវាឲ្យអស់ទឹកមែនទែនហើយ យើងយកវាទៅស្ងោរ ស្ងោរឲ្យគ្រប់ម៉ោងវាឲ្យឆ្អិនហើយ យើងវាទៅវាយឲ្យទៅជាម្ស៉ៅវិញ ដើម្បីយើងយកមករោយនៅក្នុងកំពុងប៉ែនយើងដាក់មកសង្កត់ទៅវាចេញសរសៃនំបញ្ចុកមកហើយ។ ប៉ុន្តែពេលយើងជាន់វាឲ្យចេញជាសរសៃហ្នឹងយើងត្រូវប្រើទឹកក្ដៅនៅក្នុងឆ្នាំងឲ្យហើយដើម្បីសម្អិនវាប្រហែល៥០វិនាទី ទើបយើងស្រង់វាដាក់ក្នុងទឹកត្រជាក់ ហើយចាប់វាជាសរសៃនំបញ្ចុកអីចឹងមក»។
យោងតាមការស្រាវជ្រាវរបស់ លោកស្រី កែវ ច័ន្ទបូរណ៍ បានឱ្យដឹងថា ការពិតទៅ ! នំបញ្ចុកមានឈ្មោះដើមថា «នំប៉ែនចុក» គឺជានំដែលគេយកម្សៅសម្រស់ទៅស្ងោរ ហើយបុកលាយ ទឹករួចយកទៅចាក់ក្នុងប៉ែន ទើបយកស្នូលឈើចុកសង្កត់ ដើម្បីរោយទម្លាក់ជាសរសៃក្នុងទឹកពុះឲ្យ ឆ្អិន ក្រោយមកគេស្រង់ចាប់ជាចង្វាយៗ ដាក់ជាលឬកញ្ច្រែង ទុកឲ្យស្រស់ទឹក។ បន្ទាប់មកគេហៅកាត់ៗថា «នំបញ្ចុក» មិនខុសអំពីពាក្យខ្មែរជាច្រើន ដោយបានហៅកាត់ៗ ដូចជា ជើងក្រានក្លាយ «ចង្ក្រាន», ជាន់ដើរក្លាយ «ជណ្ដើរ», កាន់ជ្រែង ក្លាយជាកញ្ច្រែង, កាន់ត្រក ក្លាយកន្ត្រក, ពីរថែមដប់ ក្លាយពីរដណ្ដប់ជាដើម។
រឿងនំបញ្ចុកនេះ មានសេចក្ដីដំណាលថា នៅនគរធារាធិបតី (សព្វថ្ងៃជាតំបន់ទន្លេសាប) មានអ្នកស្រែពីរនាក់ប្តីប្រពន្ធ ធ្វើស្រែស្រូវវារ ដើម្បីចិញ្ចឹមជីវិត ព្រោះគាត់រស់នៅតំបន់ទឹកលិច មិនអាចដាំដំណាំស្រូវល្អដូចគេដទៃទៀតបាន។ ស្រូវវារ ជាប្រភេទស្រូវដែលផ្ដល់អង្ករបាយរឹង មានពណ៌ក្រហមទ្រង់ផ្កាឈូកបន្តិច ពេលបុកសម្រិតរួចហើយ ដោយសារអង្ករនោះ រឹងពេកដាំបាយឆីមិនសូវឆ្ងាញ់ អ្នកស្រែក៏បែកគំនិតធ្វើជានំ ឲ្យមានជាតិទន់បន្តិច ដើម្បីបរិភោគស្រួលទំពា និងណាមួយទៀត នៅតំបន់ដែលពួកគាត់រស់នៅ សំបូរត្រីផងផងដែរ ទើបនាំគ្នាពីរនាក់ប្ដីប្រពន្ធ បង់ត្រីមកធ្វើជាប្រហុក ធ្វើត្រីឆ្អើរ រក្សាទុកបានយូរ សម្រាប់ឆីជាអាហារ។
ម៉្យាង អង្ករស្រូវវារ ជាអង្ករដែលអ្នកស្រែ ដែលអាចយកមកធ្វើជានំបញ្ចុកនេះបានល្អ ហើយបានចំនួនច្រើនជាងអង្ករស្រូវស្រែធម្មតាទៀតផង។
ថ្ងៃមួយនារដូវប្រាំង ទំនេរពីការងារនៅស្រែ អ្នកស្រែជាប្រពន្ធ បានបុកអង្ករស្រូវវារ បានបែកគំនិត យកអង្ករស្រូវវារនេះ ធ្វើជានំសរសៃស ចាប់ជាចង្វាយ រួចហើយក៏ស្រូបនឹងទឹកសម្លប្រហើរត្រីឆ្អើរ ដាក់ប្រហុក ខ្ទិះដូង ថែមល្បោយបន្លែ ដែលគាត់បេះបាននៅតាមវាលស្រែ ឬក្នុងចម្ការក្រោយផ្ទះ។ លុះអ្នកស្រែជាប្ដីពិសាហើយ ក៏កើតជំងឺរាគរូស ព្រោះនំបញ្ចុកនោះ ធ្វើអំពីអង្ករត្រាំទឹកយូរមួយវិញទៀត ដោយសារបន្លែស្រស់ខ្លះ បេះពីព្រៃមានជីវជាតិជូរ ឬត្រជាក់ ដូចជាល្ហុង ត្រួយត្រកួនស្រស់ ត្រួយកន្ធំថេត ផ្កាកំប៉ោក ផ្កាស្នោជាដើម ទើបអ្នកស្រែជាប្រពន្ធបែកគំនិត បន្ថែមត្រយូងចេក ជាជំនួយ ជាល្បោយនំពិសាហើយ ក៏លែងការរាគរូសដូចមុនទៀត។
ពួកគាត់ទាំងពីរនាក់បានប្រសិទ្ធនាមនំនោះឈ្មោះថា «នំសរសៃស្រូវវារ» នៅពេលដែលអ្នកស្រែយើង ធ្វើនំសរសៃស្រូវវារនេះម្ដងៗ ហើយពួកគាត់តែងតែយកម្រាមដៃ ជាចង្កេឹះ ស្រវាចាប់នំបរិភោគ បញ្ចុកចូលមាត់ជាទម្លាប់ធម្មតា តាមជីវភាពរស់នៅបែបអ្នកស្រែក្រីក្រ និងតែងតែដួសផ្ញើញាតិសន្ដានក្នុងភូមិឲ្យពិសាឆ្ងាញ់មាត់គ្រប់គ្នាផងដែរ។
លុះអ្នកភូមិបានភ្លក់ស្នាដៃរបស់ពួកគាត់ហើយឃើញថាឆ្ងាញ់ អ្នកស្រុកក៏បានមកសុំរៀនក្បួនធ្វើនំ និងក្បួនធ្វើទឹកសម្លស្រូបពីគាត់ ដើម្បីយកទៅផ្សំឆ្នៃធ្វើទឹកសម្លកំដរនំឆីតាមផ្ទះ តាមភូមិ តាមចំណូលចិត្តរៀងៗខ្លួនជាបន្តៗរៀងមក។
លុះអ្នកទាំងពីរចាស់ជរាបន្តិចទៅ អ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនេះ មិនអាចប្រកបរបរធ្វើស្រែបាន ព្រោះគ្មានកូនចៅបន្តការងារក្នុងស្រែជំនួសពួកគាត់បាន អ្នកទាំងពីរក៏ដូរមុខរបរ មករែកនំបញ្ចុកនេះ លក់តាមភូមិតិចតួច ដើម្បីចិញ្ចឹមជីវិតរៀងរាល់ថ្ងៃ តាមដំណើរជីវិតសុចរិតរបស់ពួកគាត់។
ដល់នៅថ្ងៃមួយមានរាជកុមារវ័យប្រមាណ៧វស្សា នាំពលសេនាជិះសេះដើរលេង នៅតាមស្រុកភូមិ ក៏បានប្រទះឃើញ អ្នកស្រុកចោមរោម អ្នកស្រែលក់នំសរសៃស្រូវវារនេះ ហើយអួតថាឆ្ងាញ់មាត់គ្រប់គ្នា រួចរាជកុមារក៏ចង់សាកមើលនឹងគេដែរ តែដោយតំបន់នោះមានភាពក្រីក្រ គេឆីនំសរសៃស្រូវវារនេះនៅនឹងម្រាមដៃគ្រប់ៗគ្នា ម្ល៉ោះហើយរាជកុមារក៏ប្រែចិត្តរារែក មិនហ៊ានសាកល្បង ព្រោះខ្លាចប្រឡាក់ដៃ។
រីឯអ្នកស្រែទាំងពីរនាក់ កាលបើបានដឹងថា រាជកុមារចង់សោយនំរបស់ខ្លួន ក៏ទូលសុំឲ្យស្នំឯក ដែលជាមេដោះរបស់រាជកុមារ យកដៃចាប់នំសរសៃស្រូវវារទៅបញ្ចុករាជកុមារនោះ។ ដោយការចង់ដឹងនូវរសជាតិសម្លដ៏សែនឈ្ងុយឈ្ងប់ប្លែកពីធម្មតា រាជកុមារក៏យល់ព្រមឲ្យស្នំឯកបញ្ចុក។
ពេលនេះ រាជកុមារក៏មានសេចក្ដីសោមនស្សនឹងរសជាតិនំសរសៃស្រូវវារដ៏ឆ្ងាញ់មួយចាននោះ ក្រៃលែង ព្រមទាំងប្រទានរង្វាន់មួយចំនួនដល់អ្នកស្រែដែលធ្វើនំឆ្ងាញ់ពីរនាក់ប្ដីប្រពន្ធនោះ។
នៅពេលរាជកុមារ យាងត្រឡប់ទៅរាជវាំងវិញ ក៏តែងតែទទូចឲ្យព្រះមាតាតាមរកទិញ «នំដែលស្នំបញ្ចុក» នោះពីអ្នកស្រែ យកមកសោយនៅក្នុងរាជវាំង។ ដោយសារខ្ជិលដេញស្នំឲ្យរត់ទៅទិញនំពីអ្នកស្រែនោះជារៀងរាល់ព្រឹកឲ្យរាជបុត្រជាទីស្រឡាញ់, ព្រះរាជមាតាបញ្ជាឲ្យសេនា ទៅកោះហៅអ្នកស្រែទាំងពីរនាក់ប្ដីប្រពន្ធនោះ មកធ្វើនំសម្រាប់រាជកុមារសោយជាប្រចាំក្នុងរាជវាំង រៀងរហូតទៅ។
អំណេះតមកទៀត ឈ្មោះ «នំសរសៃស្រូវវារ» ក៏លែងមាននរណាហៅតទៅទៀតដែរ គឺគេទម្លាប់នាំគ្នា ហៅថា «នំដែលស្នំបញ្ចុក» ជាជំនួសវិញយ៉ាងមានប្រជាប្រិយតែយូរៗក្រោយមកទៀត ក៏ត្រូវគេហៅកាត់ៗខ្លីៗថា «នំបញ្ចុកៗ» បន្តរៀងរហូតមកដល់សព្វថ្ងៃនេះ។
មួយវិញទៀត តាមរយៈអក្សរសិល្ប៍ខ្មែររឿង «ធនញ្ជ័យ» ក៏បានឲ្យយើងដឹងដែរថា «នំបញ្ចុក» មានដើម កំណើតយូរយារណាស់មកហើយ នៅលើទឹកដីកម្ពុជា និងថែមជាឫសគល់នៃដើមកំណើតរបស់ «គុយទាវ» ចិនទៀតផង។ ប៉ុន្តែចម្លែកដែលប្រទេសថៃហៅនំនេះថា ខៈណុមជីន ដែលមានន័យថា «នំរបស់ជនជាតិចិន» ខណៈដែលប្រទេសលាវ ហៅថា (ខោពុន)» ដែលប្រហែលជាមានន័យថា «នំដែលទទួលទានហើយធ្វើឲ្យហើមពោះ» ទៅវិញ៕