(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មន្ត្រីយើងទាំងអស់បានត្រៀមលក្ខណៈរួចជាស្រេចហើយ ដើម្បីជួយពិនិត្យព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋយើង ប្រសិនជាមានករណី ពុល រាគ ក្អូត ដោយប្រការណាមួយ ពេលពិសាអាហារ បន្លែ ផ្លែឈើ ឬនំបញ្ចុកនៅថ្ងៃស្អែកនេះ។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ថ្លែងបន្តថា នៅថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០១៩ស្អែកនេះ ប្រជាពលរដ្ឋទូទាំងប្រទេស នឹងទទួលទាននំបញ្ចុក ដូចសូមបងប្អូនរក្សាអនាម័យជាប់និច្ច ពិសេសបន្លែតែម្ដង ហើយបើរាគរូសអី សូមអញ្ជើញមកកាន់មន្ទីរពេទ្យមក ពេទ្យរបស់យើងត្រៀមសង្គ្រោះព្យាបាល២៤ម៉ោង។ លើសពីនោះ លោកបន្តថា ជានិច្ចកាល យើងយកចិត្តទុកដាក់ណាស់ ព្រោះអាហ្នឹងយើងត្រូវទទួលទានប្រចាំថ្ងៃ ដូច្នេះបងប្អូនត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច។
រដ្ឋមន្ត្រីបន្តថា «នៅថ្ងៃស្អែកនេះ យើងទទួលទាននំបញ្ចុក យើងគិតគូរធ្វើយ៉ាងម៉េចផលិតនំបញ្ចុកឱ្យបានច្រើន ដូច្នេះត្រូវធ្វើយ៉ាងម៉េចឱ្យមានអនាម័យ ទឹកលាងនំបញ្ចុក និងបន្លែត្រូវតែលាងឲ្យស្អាត»។
រដ្ឋមន្ត្រីសុខាភិបាលថ្លែងបន្តថា «ខ្ញុំយល់ថា នៅទីក្រុងភ្នំពេញ មិនសូវមានបញ្ហា ព្រោះការផលិតនំបញ្ចុករបស់គេ ភាគច្រើន ធ្វើជាឧស្សាហកម្ម ទឹកក៏ស្អាតដែរ ប៉ុន្ដែខ្លាចនៅតាមជនបទ មិនសូវមានអនាម័យ ដូចជា បន្លែ ដែលលាងមិនសូវបានស្អាត នៅជាប់ថ្នាំជាដើម ដែលនេះជាបញ្ហា ដូច្នេះយើងត្រូវតែប្រុងប្រយ័ត្ន»។
ជាងនេះទៅទៀត «យើងនឹងត្រៀមលក្ខណៈជានិច្ច ដើម្បីបន្ដលក្ខណៈឲ្យបងប្អូនរីករាយសប្បាយផង និងត្រៀមលក្ខណៈដើម្បីជួយបងប្អូន ដែលមានបញ្ហារាគរុះជាដើម»។ ប៉ន្តែយើងត្រៀមលក្ខណៈជួយបងប្អូន ប្រសិនជាមានបងប្អូន ពុល រាគ ក្អូត យើងត្រៀមលក្ខណៈជានិច្ចដើម្បីជួយដល់គាត់។ យើងប្រសិទ្ធពរ ឲ្យបងប្អូនយើង ទទួលទានដោយសប្បាយ និងគ្មានបញ្ហាអ្វីកើតឡើង។
សូមជម្រាបថា ការថ្លែងរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើឡើង ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃជិត១ពាន់នាក់ នៅភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕