(កំពង់ចាម)៖ ក្មេងប្រុសស្រី ៤នាក់ បានលង់ទឹកស្រះស្លាប់យ៉ាងអណោចអធ័ម នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំការចំណុចគីឡូប្រាំមួយ ស្ថិតក្នុងភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
មន្ដ្រីនគរបាលស្រុកស្ទឹងត្រង់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ក្មេងរងគ្រោះលង់ទឹកស្លាប់ទាំង៤នាក់នោះ ទី១៖ឈ្មោះ ជុន លីតា ភេទស្រី អាយុ១២ឆ្នាំ, ទី២៖ឈ្មោះ ជុន ជូ ភេទប្រុស អាយុ១០ឆ្នាំ (២នាក់នេះបងប្អូនបង្កើត), ទី៣៖ឈ្មោះ រ៉េត ណូយ ភេទស្រី អាយុ១៣ឆ្នាំ និងទី៤៖ឈ្មោះ ហង្ស ហ៊ី ភេទប្រុស អាយុ១១ឆ្នាំ ពួកគេមានទីលំនៅ ភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់។
ប្រភពដដែលឲ្យដឹងទៀតថា មុនពេលកើតហេតុ មានក្មេងចំនួន៦នាក់ បាននាំគ្នាទៅរើសគ្រាប់ស្វាយចន្ទីរ ហើយចុះលេងទឹកស្រះ ដែលគេកាយស្តុកទឹក ទុកស្រោចដំណាំ មានចម្ងាយពីភូមិកើតហេតុប្រមាណ ១៥០០ម៉ែត្រ ហើយក៏បានលង់ទឹកស្រះនោះតែម្ដង។ បន្ទាប់មកពេលឃើញក្មេងទាំង៤នាក់ លង់ទឹកមានក្មេង២នាក់ទៀត បានរត់មកភូមិប្រាប់ចាស់ៗ ទើបឪពុក ម្តាយ និងអ្នកភូមិនាំគ្នាទៅមើលឃើញក្មេងទាំង៤នាក់ លង់ទឹកស្លាប់បាត់ទៅហើយ។
ក្រោយពីបានទទួលព័ត៌មាន លោកវរសេនីយ៍ទោ សឿន ទិត អធិការរង បានដឹកនាំកម្លាំងជំនាញ ចុះពិនិត្យវិភាគកន្លែងកើតហេតុ និងបានបង្កើតគណៈកម្មការត្រួតពិនិត្យសាកសព។ ជាលទ្ធផល ពួកក្មេងទាំង៤នាក់ គឺពិតជាស្លាប់ដោយសារលក់ទឹកពិតមែន ហើយក្រោយពិនិត្យសាកសពរួចសមត្ថកិច្ច បានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕