(កណ្តាល)៖ ថ្នាក់ដឹកនាំសហជីពចំនួន ៧រូប បានសុំកិច្ចអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ក្រោយថៅកែក្រុមហ៊ុន ឈីមីស៊ីន ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល បានបណ្តេញចេញពួកគេពីការងារ ព្រមទាំងប្តឹងទៅកាន់កាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាលទៀតផង។ នេះបើយោងតាមលិខិតអន្តរាគមន៍របស់ក្រុមសហជីព សម្លេងយុវជនខ្មែរ ដាក់ទៅកាន់រដ្ឋមន្រ្តីការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ។

ថ្នាក់ដឹកនាំសហជីពទាំង ៧រូប រួមមាន៖

*ទី១៖ លោក មឿង យឿន អាយុ៣០ឆ្នាំ ប្រធានសហជីពសម្លេងយុវជនខ្មែរប្រចាំរោងចក្រ
*ទី២៖ អ្នកស្រី ហួន ស្រីលីស អាយុ៣០ឆ្នាំ ជាអនុប្រធានសហជីពសម្លេងយុវជនខ្មែរ
*ទី៣៖ លោក អ៊ុន ធារ៉ុង អាយុ២១ឆ្នាំ លេខាធិការសហជីពសម្លេងយុវជនខ្មែរ
*ទី៤៖ អ្នកស្រី ថុល ធីម អាយុ៣១ឆ្នាំ ជាហិរញ្ញិកសហជីពសម្លេងយុវជនខ្មែរ
*ទី៥៖ អ្នកស្រី ប៉ែត ហឿន អាយុ២៩ឆ្នាំ គណៈកម្មការសហជីពសម្លែងយុវជនខ្មែរ
*ទី៦៖ លោក សែល សុផល អាយុ៣៤ឆ្នាំ គណៈកម្មការសហជីពសម្លេងយុវជនខ្មែរ
*ទី៧៖ អ្នកស្រី ស៊ាន សុខលី អាយុ២៩ឆ្នាំ គណៈកម្មការសហជីពសម្លេងយុវជនខ្មែរ។

ក្រុមសហជីពទាំងនេះ បានរាយការណ៍ជូនរដ្ឋមន្រ្តីការងារថា «បន្ទាប់ពីយើងខ្ញុំបានបោះឆ្នោត បង្កើតសហជីពសម្លេងយុវជនខ្មែរកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩មក ក្រុមហ៊ុនបានហៅយើងខ្ញុំទាំងអស់គ្នា ទៅធ្វើទុក្ខបុកម្នេញប្តូរតួនាទីការងារពីកម្មករ ដែលមានជំនាញផ្សេងៗដូចជា ជំនាញដែរ ជំនាញតុកាត់ ឱ្យទៅធ្វើជាកម្មករផ្នែកអនាម័យ និងគំរាមកំហែងឱ្យយើងខ្ញុំលាឈប់ពីសហជីព ហាមមិនឱ្យយើងខ្ញុំចូលរួមក្នុងចលនាសហជីពជាដាច់ខាត។ ក្រុមហ៊ុនបានធ្វើទុក្ខបុកម្នេញគ្រប់រូបភាព បណ្តេញយើងខ្ញុំចេញពីការងារទាំងដែលយើងខ្ញុំគ្មានកំហុសទាល់តែសោះ»

បើតាមក្រុមសហជីព ក្រោយពេលក្រុមហ៊ុនបានបណ្ដេញ និងបញ្ឈប់ពីការងាររួចមក ក្រុមហ៊ុនបានយករូបថតរបស់ពួកគេ ទៅបិទនៅច្រកចេញចូលរបស់ក្រុមហ៊ុន និងបរិវេណអគារដោយបដិសេធថា ពួកគេមិនមែនជាកម្មករ-កម្មការិនីបំរើការងារនៅក្នុងក្រុមហ៊ុននេះទេ ដែលបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់កិត្តិយសរបស់ពួកគេ។ ជាមួយគ្នានេះ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ថៅកែក្រុមហ៊ុន ឈី មី ស៊ីន ហ្វេកធើរី ឯក បានប្ដឹងទៅព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងខេត្តកណ្តាល ដោយចោទ ប្រកាន់ពីបទ «ញុះញង់កម្មករ-កម្មការិនីឱ្យធ្វើកូដកម្ម និងមានចេតនាបង្កភាពចលាចល នៅក្នុងរោងចក្រ ដែលធ្វើឱ្យប៉ះពាល់ដល់សង្វាក់ផលិតកម្មរបស់រោងចក្រ» ដែលផ្ទុយពីសកម្មភាពពិតដែលបានកើតឡើងជាក់ស្តែង។

ក្រុមសហជីពបានចាត់ទុកថា ទង្វើរបស់ថៅកែក្រុមហ៊ុន ផ្ទុយនឹងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលជានិច្ចជាកាលលោកតែងតែគិតគូពីសុខទុក្ខ និងសុវត្ថិភាពការងាររបស់កម្មករនិយោជិតទូទាំងប្រទេស ព្រមទាំងឲ្យមានការសម្របសម្រួល និងដោះស្រាយបញ្ចប់នៅតាមផ្លូវតុលាការទៀតផង។ យ៉ាងណាក៏ដោយ នៅថ្ងៃនេះអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងក្រុមហ៊ុនបាននោះទេ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួងពាក់ព័ន្ធ បញ្ចប់រឿងក្ដីក្ដាំជាមួយសហជីពទាំងអស់នៅតុលាការ ត្រឹមឆ្នាំ២០១៨ ក្នុងនោះសម្ដេចក៏បានជំរុញដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅកាន់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ៕