(ភ្នំពេញ)៖ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការរៀបចំបុណ្យសព លោកស្រី ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលទទួលមរណភាព។
សេចក្ដីសម្រេចដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គណៈកម្មការនេះ មានឧបនាយករដ្ឋមន្ដ្រី ប៊ិន ឈិន ជាប្រធាន និងទេសរដ្ឋមន្ដ្រី ហ៊ឹម ឆែម រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធាន, អនុប្រធានអចិន្ដ្រៃយ៍ម្នាក់ និងសមាជិក១៤រូបផ្សេងទៀត។
សូមជម្រាបថា លោកយាយ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា បានទទួលមរណភាព នៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ដោយជរាពាធ ក្នុងជន្មាយុ ៩៩ឆ្នាំ។ សពរបស់លោកយាយ ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តបទុមវត្តី។
គួរបញ្ចាក់ថា លោកយាយ ផ្លេក ភិរុណ មានជន្មាយុ៩៩ឆ្នាំ ជាអតីត អគ្គលេខាធិការ កាកបាទក្រហម កម្ពុជា ក្នុងសម័យ សង្គម រាស្ត្រនិយម ចាប់ពី ទសវត្ស ទី ៦០ -៧០ និងជា ប្រធាន កាកបាទក្រហម កម្ពុជា ក្នុងឆ្នាំ១៩៧៩។ លោកយាយ ក៏ធ្លាប់ជាអគ្គលេខាធិការរដ្ឋសភាផងដែរ៕