(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការសោកស្តាយ និងរន្ធត់ចិត្តជាពន់ពេកចំពោះមរណភាពរបស់លោកស្រី ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងលិខិតចូលរួមរំលែកមរណទុក្ខផ្ញើជូនក្រុមគ្រួសារសពនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា មរណភាពរបស់លោកស្រី ផ្លេក ភិរុណ គឺជាការបាត់បង់នូវបុព្វការីជនដ៏គំរូមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបញ្ញាបម្រើកិច្ចការប្រទេសជាតិ ប្រកបដោយវិរិយដ៏ខ្ពង់ខ្ពស់បំផុតគួរជាទីគោរពស្រលាញ់ របស់បងប្អូន និងញាត្តិមិត្ត ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ដូច្នេះ «ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ព្រមទាំងសមាជិក សមាជិកានៃរដ្ឋសភា សូមវាយតម្លៃខ្ពស់ចំពោះវីរភាព និង គុណបំណាច់ដ៏ធំធេងរបស់លោកជំទាវ ផ្លេក ភិរុណ ដែលជាឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់ខិតខំតស៊ូគ្រប់កាលៈទេសៈ ក្នុងសកម្មភាពចូលរួមចំណែកយ៉ាងធំធេងបម្រើជាតិ មាតុភូមិ និងប្រជាជន។ ជាពិសេសក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្នុងឋានៈជាប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ មានការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការសង្គម និងមនុស្សធម៌ បម្រើប្រជាជនដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បូរជាតិសាសន៍
នោះឡើយ»។
សូមបញ្ជាក់ថា លោកស្រី ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា បានទទួលមរណភាព នៅថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៥:៣០នាទី ក្នុងជន្មាយុ ៩៩ឆ្នាំ ដោយជរាពាធ៕