Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូកាកបាទក្រហមកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកស្រី ផ្លេក ភិរុណ អតីតសមាជិកសភាកម្ពុជា និងជាអតីតប្រធានកាកបាទក្រហមកម្ពុជា

08-06-2019 09:02

(ភ្នំពេញ)៖ នៅរសៀលថ្ងៃសៅរ៍ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ដោយក្តីសោកស្តាយឥតគណនា ចំពោះមរណភាព លោកស្រីផ្លេក ភិរុណ អតីតសមាជិកសភាកម្ពុជា និងជាអតីតប្រធានកាកបាទក្រហមកម្ពុជា ដែលបានអនិច្ចកម្មកាល ពីវេលាម៉ោង១៥៖៣០នាទីរសៀល ថ្ងៃសុក្រ ៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៩ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បាននាំយកសារលិខិតរំលែកទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានខ្លឹមសារថា «មរណភាពរបស់លោកជំទាវ ផ្លេក ភិរុណ គឺជាការបាត់បង់ឥស្សរជនកម្ពុជាមួយរូបមានអត្តចរិត ស្លូតបូត សុភាពរាបសារ ស្មោះត្រង់ ជាទីគោរព ស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណី ដ៏ថ្លៃថ្លាមិនចេះ រីងស្ងួត ចំពោះក្រុមគ្រួសារ មន្ត្រីបុគ្គលិក នៃកាកបាទក្រហមកម្ពុជា បានលះបង់ពេលវេលាកម្លាំងកាយ ចិត្តប្រាជ្ញាស្មារតី បំពេញភារកិច្ចយ៉ាងសកម្មមិនខ្លាចការលំបាកនឿយហត់ ក្នុងបុព្វហេតុមនុស្សធម៌ ជួយដល់ ជនរងគ្រោះងាយរងគ្រោះបំផុតទូទាំងប្រទេស និងបានពលិកម្មជាច្រើន បូជាកម្លាំងកាយ ចិត្តប្រាជ្ញាចូលរួមចំណែក យ៉ាងសកម្មប្រកបដោយស្នាដៃដ៏ច្រើន ក្នុង ការស្តារ កសាង ប្រទេសឱ្យមានសុខសន្តិភាពស្ថិរភាព នយោបាយ វឌ្ឍនភាព និងការរីកចម្រើនឥតឈប់ឈរ ដើម្បីឧត្តមប្រយោជន៍ជាតិ សាសនា ព្រះមហាក្សត្រ»

ក្នុងឱកាសនោះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានប្រគល់បច្ច័យបុណ្យរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួន៥០លានរៀល និងសូមឧទ្ទិសបួងសួងដល់ ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ផ្លេក ភិរុណ បានទៅក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕