(កំពង់ធំ)៖ លោក ស៊ុ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក ចាន់ ដារា អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយច្បាប់ ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន នៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនេះ រៀបចំដោយមន្ទីរទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រី ប្រធានអង្គភាព មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ៣ អភិបាលស្រុក មេឃុំ មេភូមិ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្សានុសិស្ស ប្រជាការពារប្រមាណជិត ២,០០០នាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩។
ក្នុងពិធីនោះ លោក ស៊ុ រុំ និង លោក ចាន់ តារា លើកឡើងថា គ្រឿងញៀនគឺបំផ្លាញខ្លួនឯង គ្រួសារនិងសង្គមជាតិ ដូច្នេះយើងត្រូវចូលរួមលុបបំបាត់គ្រឿងញៀន ឲ្យអស់ពីកន្លែងបងប្អូន ដែលកំពុងប្រើប្រាស់និង ធ្វើការណែនាំកូនចៅ ឲ្យចៀសឆ្ងាយពីគ្រឿងញៀន។
លោកបានបន្តថា ឪពុកម្ដាយរបស់ប្អូនៗទាំងអស់ ព្រួយបារម្ភបំផុត គឺគ្រោះថ្នាក់ចរាចរណ៍ និងការប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនអាចបំផ្លាញអ្វីៗទាំងអស់ លែងស្គាល់បងប្អូនញាតិមិត្ត មនុស្សជាទីស្រលាញ់ ដែលនៅជុំវិញខ្លួននេះ ជាផលប៉ះពាល់ធ្ងន់ធ្ងរ ធ្វើឲ្យមនុស្សយើងភ្លេចភ្លាំងនូវស្មារតី វង្វេងវង្វាន់ និងបាត់បង់ជីវិតក៏ថាបាន។
តាមរបាយការណ៍ បានបញ្ជាក់ថា អ្នកប្រើប្រាស់គ្រឿងញៀន មាន២ម៉ឺននាក់ ទូទាំងប្រទេស នៅឆ្នាំ២០១៨ ហើយចំនួនគ្រឿងញៀន មានចំនួន៣តោន ទូទាំងប្រទេស ហើយរាជរដ្ឋាភិបាលកំពុងព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអ្នកប្រើប្រាស់គ្រឿងញៀន សម្រាប់ប្រទេសកម្ពុជា។
លោកបានសំណូមពរ ដល់បងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ និងគ្រប់មូលដ្ឋាន សូមយកចិត្តទុកដាក់បញ្ហាគ្រឿងញៀន ជាបញ្ហាសម្រាប់យើងទាំងអស់គ្នា ព្រោះគ្រឿងញៀនអាចបំផ្លាញអ្វីៗទាំងអស់ ដូចជាសង្គមជាតិ សុខភាព អនាគត លែងស្គាល់បងប្អូនញាតិមិត្ត មនុស្សជាទីស្រលាញ់។
លោកថា ដូច្នេះស្នើឲ្យមានការចូលរួម សហការជាមួយសមត្ថកិច្ច បើប្រទះឃើញសកម្មភាពជួញដូរចែកចាយប្រើប្រាស់ សារធាតុញៀនសូមផ្ដល់ដំណឹង ដល់សមត្ថកិច្ច ដើម្បីមានមូលដ្ឋាន ក្នុងការបង្ក្រាបទប់ស្កាត់ ទាន់ពេលវេលា ដើម្បីទទួលបាននូវសុខសុវត្ថិភាព និងចូលរួមអនុវត្ត ភូមិ-ឃុំ មានសុវត្ថិភាព៕