អភិបាលខេត្តកំពង់ស្ពឺ ហូបនំបញ្ចុកជាមួយកម្មករ-កម្មការិនីជិត ៧០០០នាក់
08-06-2019 15:38
(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានដឹកនាំកម្មករ-កម្មាការិនីរោងចក្រ សាប៊្រីណា ក្នុងស្រុកសំរោងទងប្រមាណជិត ៧,០០០នាក់ ដើម្បីហូបនំបញ្ចុកធ្វើជាអាហារថ្ងៃត្រង់ ដែលមាននំបញ្ចុកសរុប ១,៥០០គីឡូក្រាម។
ក្នុងឱកាសនោះ លោក វ៉ី សំណាង បានថ្លែងថា ការហូបនំបញ្ចុកនេះ គឺជាការការរួមគ្នាបង្ហាញពីសាមគ្គីភាព និងដើរតាមបន្ទាប់ត្រឹមត្រូវ ដើម្បីរួមគ្នារក្សាសន្តិភាពនៅក្នុងប្រទេស។
លោកអភិបាលខេត្តកំពង់ស្ពឺ ថ្លែងបន្តទាំងរីករាយថា «ការហូបនំបញ្ចុកនាថ្ងៃនេះយើងទាំងអស់គ្នាហូបបណ្តើរ ញញឹមបណ្តើរដាក់ដោយក្តីសោមមនស្សរីករាយ ជ្រកក្រោមដំបូលតែមួយ ជាតិខ្មែរតែមួយ ហើយប្រឹងថែរក្សាសន្តិភាពរួមគ្នា ដើម្បីឲ្យប្រទេសជាតិសុខដុមរម្យនា ស្របតាមគោលនយោបាយរួមជាតិតែមួយ ដែលដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកលើកឡើងទៀតថា នំបញ្ចុកនេះ គឺជានំកេរ្តិ៍ពីដូនតារបស់ប្រជាជាតិខ្មែរទាំងមូល មិនមែននំសម្រាប់ជនមួយក្តាប់តូចយកធ្វើជានយោបាយ ពេលហូបជួបជុំ មានតែពាក្យជេរដៀល មកលើរាជរដ្ឋាភិបាលស្របច្បាប់ មើលងាយប្រទេសជាតិខ្លួនឯងឡើយ។ ចំពោះការហូបលើកនេះ គឺនំបញ្ចុកឯកភាពជាតិ សាមគ្គីភាព ស្នេហាជាតិ៕