(កំពង់ធំ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឆន្ទៈយ៉ាងមុតមាំចំពោះប្រជាពលរដ្ឋកម្ពុជាថា លោកនឹងពិភាក្សាជាមួយលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកជាម្ហូបតំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើទៅអង្គការយូណេស្កូ សុំដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបិយរបស់ពិភពលោក ក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាពនៅទូទាំងប្រទេសរួចរាល់។
ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីត្រៀមរៀបចំពិធីពិសានំបញ្ចុកសាមគ្គីសន្តិភាព ជាមួយប្រជាពលរដ្ឋទាំងពីរស្រុកខាងលើ នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំពិសានំបញ្ចុកសន្តិភាពទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ លោកនឹងពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក» នេះជាម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំសម្បត្តិបេតិកភណ្អរូបិយពិភពលោកនៅអង្គការយូណេស្កូ។
ដើមចមដែលបណ្ដាលឱ្យលោករដ្ឋមន្ត្រី មានឆន្ទៈកសាងសមិទ្ធផលជូនជាតិខេមរាយ៉ាងដូច្នេះ គឺដោយសារលោកមើលឃើញពីឆន្ទៈរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ក៏ចង់ឱ្យនំបញ្ចុកដែលមានតាំងពីដូនតាជំនាន់ដើមមួយនេះ មានការទទួលស្គាល់ពីពិភពលោកទាំងមូល ពិសេសគឺបានបរិភោគផ្ទាល់ផងដែរ។
លោកជឿជាក់ថា នំបញ្ចុកខ្មែរនេះ ប្រាកដជាមានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ពិសេសលោកក៏ជាអ្នកកើតក្នុងត្រកូលគ្រួសារមួយ ដែលចេះធ្វើនំបញ្ចុកច្បាស់លាស់តាំងពីកុមារភាពជាមួយឪពុកម្តាយ និងគ្រួសារដ៏កម្សត់របស់លោកផងដែរ។
លោករដ្ឋមន្ត្រីក៏បានអះអាងថា នៅក្នុងពិព័រណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍គ្រោងរៀបចំក្នុងខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរមួយចំនួនទៀត ដូចជា សម្លម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោតជាដើម ក៏នឹងត្រូវបានត្រៀមរៀបចំជាម្ហូបតំណាងឱ្យអត្តសញ្ញាណខ្មែរ ដើម្បីទាក់ទាញទេសចរផងដែរ។
ជាការពិតណាស់ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា រៀបចំពិធីជួបជុំគ្នាពិសានំបញ្ចុកសន្តិភាពឱ្យបានអធិកអធម នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ស្អែកនេះ។
ដើម្បីអនុវត្តតាមការអំពាវនាវនេះ លោក ថោង ខុន ក៏បានណែនាំដល់ក្រុមការងារឱ្យធ្វើការរៀបចំពិធីធំនេះ ឱ្យបានល្អត្រឹមត្រូវតាមក្បួនខ្នាតនំបញ្ចុកខ្មែរ ក្នុងនោះក៏ត្រូវរៀបចំចង្ហាន់នំបញ្ចុកសម្រាប់ប្រគេនព្រះសង្ឃ និងសម្រាប់ប្រជាពលរដ្ឋនៅតាមវត្តអារាម និងតាមភូមិផងដែរ៕