(ភ្នំពេញ)៖ ក្រុមអ្នកជិះកង់អាជីព២០ក្រុម មកពី១៩ប្រទេសផ្សេងៗគ្នាលើពិភពលោក នឹងចូលរួម «ព្រឹត្តការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១» ដែលធ្វើឡើងនៅឆ្នេរសមុទ្រកម្ពុជា ប៉ុន្មានខាងមុខនេះ។ អ្នកសារព័ត៌មាន២០ប្រទេស ក៏បានចុះឈ្មោះចូលរួមធ្វើបទយកការណ៍អំពីការប្រណាំងកង់លើពិភពលោកនេះដែរ។

នេះបើតាមការបញ្ជាក់របស់ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក្នុងសន្និសីទសារព័ត៌មានស្តីពី «ការរៀបចំព្រឹត្តការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជាលើកទី១» ដែលរៀបចំដោយ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។

សន្និសីទនេះ មានការចូលរួមដោយ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក, លោក នី ផល្លី អគ្គលេខាធិការរងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា រួមទាំងតំណាងវិស័យឯកជន និងបណ្តាញសារព័ត៌មានសង្គមនានា នៅកម្ពុជាផងដែរ។

ព្រឹត្តការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ នឹងប្រព្រឹត្តទៅ នៅឆ្នេរសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដែលក្នុងព្រឹត្តិការណ៍នេះ បានបែងចែកជាបីសៀគ្វី មានដូចជា៖

* ដំណាក់កាលត្រៀម៖ ប្រព្រឹត្តទៅនៅរមណីយដ្ឋានតារាសាគរ ខេត្តកោះកុង ថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

* សៀគ្វីទី១៖ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ចេញដំណើរពី រមណីយដ្ឋានតារាសាគរនៃខេត្តកោះកុង ឆ្លងកាត់រង្វង់មូលវិថីសាយភូថង ឆ្ពោះទៅកាន់ទីរួមខេត្តកោះកុង។

* សៀគ្វីទី២៖ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីរង្វង់រមណីយដ្ឋានតារាសាគរ
នៃខេត្តកោះកុង (នៅត្រង់ចំណុចរង្វង់មូលវិថីសាយភូថង) ឆ្លងកាត់មកផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរិញ និងបន្តទៅកាន់រមណីយដ្ឋានឋានសួគ៌បូកគោនៃខេត្តកំពត។

* សៀគ្វីទី៣៖ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ដោយចេញដំណើរពីមុខសាលាខេត្តកែប ឆ្លងកាត់
រង្វង់មូលសេះស ឆ្ពោះទៅកាន់រង្វង់មូលធុរេននៃខេត្តកំពត រួចបន្តទៅកាន់រង្វង់មូលវាលរិញ និងបញ្ចប់នៅរង្វង់មូលតោពីរនៃខេត្តព្រះសីហនុ (រួមបញ្ចូលទាំងការជិះជុំវិញក្រុងព្រះសីហនុចំនួន៣ជុំ ដោយចេញដំណើរពី រង្វង់មូលតោពីរ ឆ្លងកាត់ផ្លូវក្រោយរមណីយដ្ឋានឆ្នេរសុខា រមណីយដ្ឋានឆ្នេរឯករាជ្យ រាជដំណាក់ រួចចុះតាមផ្លូវឯករាជ្យ ឆ្ពោះរហូតមកដល់រង្វង់មូលតោពីរវិញ។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ព្រឹត្ដិការណ៍នេះ នឹងមានការចូលរួមមិនត្រឹមតែក្រុមជិះកង់អាជីព ចំនួន២០ក្រុម រួមទាំងក្រុមជម្រើសជាតិកម្ពុជា (១៩ ក្រុមទៀតមកពីប្រទេស១៩ ផ្សេងៗគ្នាជុំវិញពិភពលោក) ប៉ុណ្ណោះទេ ថែមទាំងមានក្រុមបណ្តាញសារព័ត៌មាន មកពីប្រទេសទាំង១៩នោះ មកធ្វើបទយកការណ៍ផងដែរ ដែលប្រការនេះ នឹងជួយជំរុញដល់ការផ្សព្វផ្សាយអំពីសក្តានុពល នៃតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញនានា នៅក្នុងខេត្តទាំងបួននៃតំបន់ឆ្នេរសមុទ្រកម្ពុជាយើង ឲ្យបានទៅដល់ទេសចរពិភពលោក បានកាន់តែទូលំទូលាយ។

លោករដ្ឋលេខាធិការ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ វិស័យឯកជន និងពិសេសមូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋនៅតាមដងវិថីដែលត្រូវរៀបចំព្រឹត្តការណ៍នេះ ត្រៀមចូលរួមគាំទ្រ អបអរសាទរ និងទស្សនាព្រឹត្តការណ៍ដ៏អស្ចារ្យនេះឲ្យច្រើនកុះករទាំងអស់គ្នា៕