(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ លីមីតធីត បានរៀបចំកម្មវិធីចូលរួមបរិច្ចាគឈាម ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពសង្គមកម្ពុជា និងជួយអាយុជីវិតមនុស្សដែលខ្វះឈាម។
កម្មវិធីនេះរៀបចំឡើងក្រោមប្រធានបទ «ការបរិច្ចាគឈាមម្តង អាចសង្គ្រោះជីវិតមនុស្សម្នាក់» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងបុគ្គលិក លោកគ្រូ-អ្នកគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមប្រមាណ១៥០នាក់ នៅការិយាល័យកណ្តាលរបស់ហត្ថាកសិករ។
កម្មវិធីបរិច្ចាគឈាមនេះ ជាការងារទំនួលខុសត្រូវសង្គមថ្មីមួយទៀត របស់ហត្ថាកសិករ លីមីតធីត ធ្វើឡើងក្នុងគោលបំណងចូលរួមចំណែក លើកកម្ពស់សុខុមាលភាពសង្គម តាមរយៈការកាត់បន្ថយអត្រាបាត់បង់ជីវិត ដោយសារកង្វះឈាម និងចូលរួមអបអរសាទរ ដល់ទិវាផ្តល់ឈាមពិភពលោក ព្រមទាំងបំផុសឲ្យបុគ្គលិក និងសាធារណៈជនចូលរួមបរិច្ចាគឈាមឲ្យបានផុសផុល។
លោកឧកញ៉ា ហួត អៀងតុង អគ្គនាយកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករឲ្យដឹងថា «ការរៀបចំកម្មវិធីនៅថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់ពីឆន្ទៈយ៉ាងមុះមុត របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងបុគ្គលិកក្នុងការចូលរួមចំណែក ការងារទំនួលខុសត្រូវសង្គម តាមរយៈការស្ម័គ្រចិត្តបរិច្ចាកឈាម ដើម្បីជួយសង្រ្គោះអាយុជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចំាបាច់ និងដើម្បីអបអរសាទរ ដល់ទិវានៃការបរិច្ចាគឈាមពិភពលោក ដែលនឹងប្រារព្ធនៅថ្ងៃទី១៤ ខែមិថុនា ជារៀងរាល់ឆ្នាំផងដែរ»។
លោកឧកញ៉ាបានបង្ហាញពី ជំនឿចិត្តក្នុងការរៀបចំកម្មវិធីនេះ នៅថ្ងៃអនាគត ហើយសង្ឃឹមយ៉ាងមុតមាំថា ក្នុងឱកាសក្រោយនឹងរៀបចំកម្មវិធីនេះបន្តទៀត ហើយនឹងមានអ្នកចុះឈ្មោះចូលរួមបរិច្ចាគច្រើនជាងនេះ ព្រមទាំងរៀបចំកម្មវិធីតាមសាខារបស់ ហត្ថាកសិករទូទាំងប្រទេសកម្ពុជា។
លោក លី សុវិទ្យ អនុប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាមឲ្យដឹងថា «ការបរិច្ចាគឈាមនៅថ្ងៃនេះ ពិតជាមានសារៈប្រយោជន៍សំខាន់ខ្លាំងណាស់ ក្នុងការជួយសង្រ្គោះជីវិតមនុស្ស នេះជាការកសាងកំលាំងមនុស្សធម៌មួយ សម្រាប់ជាតិផងដែរ។
លោកបន្ថែមថា «ការបរិច្ចាគឈាមរបស់ថ្នាក់ដឹកនាំ បុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ថ្ងៃនេះគឺចែករំលែកផ្នែកមនុស្សធម៌ដែលជាអំណោយ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃក្តីស្រឡាញ់។ កាដូរបស់យើងនៅពេលនេះ បានហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះមនុស្សជាតិ និងជនរួមជាតិនៃយើង»។
ក្នុងនោះលោកបានជូនពរ ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ ហត្ថាកសិករ វិស័យឯកជនផ្សេងៗ និងបណ្តាស្ថាប័នដទៃទៀតបន្តចូលរួមធ្វើកម្មវីធីបរិច្ចាគឈាមតាមគ្រប់រូបភាព ដើម្បីជួយសង្រ្គោះជិវិតជនរងគ្រោះដែលត្រូវការឈាម។
សូមបញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើសន្សំពី សារណៈជនឈានមុខគេ និងបានធ្វើប្រតិបត្តិការនៅកម្ពុជាជាង២៥ឆ្នាំមកហើយ។ ហត្ថាកសិករ បាននឹងកំពុងផ្តល់សេវាកម្ម ហិរញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន, សេវាប្រាក់បញ្ញើសន្សំ, សេវាផ្ទេរ, ប្រាក់ក្នុងស្រុក, សេវាអេធីអឹម, សេវាធនាគារចល័ត, សេវាបើកប្រាក់បៀវត្ស និងសេវាកម្មផ្សេងៗទៀត។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ មានការិយាល័យចំនួន១៧៨ និងម៉ាស៊ីនអេធីអឹមចំនួន១២៩ គ្រឿងនៅទូទាំងប្រទេស ហើយគិតត្រឹមខែមេសា ឆ្នាំ២០១៩ សមតុល្យប្រាក់បញ្ញើសន្សំ របស់ហត្ថាកសិករមានជាង៥៣៩លានដុល្លារអាមេរិក ជាមួយនឹងប្រាក់បញ្ញើសន្សំ របស់អតិថជនជាង២៤៣,០០០នាក់ ផលប័ត្រឥណទានសរុបមានចំនួន៨៤២លានដុល្លារអាមេរិក ដោយមានអតិថិជនខ្ចីប្រាក់ចំនួន១៥១,០០០នាក់៕