(ភ្នំពេញ)៖ គិតមកដល់ពេលនេះ មាននិវត្តន៍ជន, មន្ត្រីធ្លាក់ខ្លួនពិការ និងបាត់បង់សមត្ថភាពការងារ របស់ស៊ីម៉ាក់ចំនួន៥៣១នាក់ហើយ បានទទួលនូវការបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិ ដើម្បីទទួលបានរបបសោធន ដូចទៅនឹងមន្រ្តីយោធាកងយោធពលខេមរភូមិន្ទដែរ។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ។
ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ មានសមាជិកគ្រួសារមន្ត្រីស៊ីម៉ាក់ដែលបានពលី មរណៈចំនួន៥៣នាក់ និងមន្ត្រីពិការចំនួន១២៨នាក់ បានទទួលសេចក្តីសំរេច និងរបបឧបត្ថម្ភប្រចាំខែពីរាជរដ្ឋាភិបាល ហើយនៅសប្តាហ៍ទី២ ខែមិថុនានេះដែរ និវត្តន៍ជនចំនួនប្រមាណ៣០០នាក់ទៀត អាចនឹងទទួលបានសេចក្តីសំរេចដូចគ្នា។
ជាមួយគ្នានេះ លោក ហេង រតនា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល, សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, គណៈកម្មការក្រសួងមុខងារសាធារណៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងនីតិសម្បទា ជាពិសេសគណៈកម្មការបញ្ចូលក្របខ័ណ្ឌ និងផ្តល់ឋានន្តរសក្តិនៃក្រសួងការពារជាតិដឹកនាំដោយ នាយឧត្តមសេនីយ៍ ភួង ស៊ីផាន និងក្រមការងារទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មបំផុត ដើម្បីជំរុញការងារនេះបានយ៉ាងរលូន។
ជាមួយគ្នានេះ លោកក៏សូមបងប្អូនជាក្រុមគ្រួសារមន្ត្រី ពលី មរណៈ ពិការទាំងអស់ សូមមេត្តាទាក់ទងមកបញ្ជាការដ្ឋាន តាមមធ្យោបាយដែលផ្តល់រួចហើយ និងសូមចូលទៅក្នុងប្រពន្ធ័ទំនាក់ទំនង នៃក្រុមសំរបសំរួលសំរាប់ការងារនេះ ដើម្បីទទួលបានសេចក្តីសំរេចរបស់បេឡាអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្រោយបានទទួលសេចក្តីហើយសូមទៅជួបមន្ត្រីនៃមន្ទីរសង្គមកិច្ចអតីតៈយុទ្ធជន និងយុវនីតិសម្បទា តាមខេត្តដែលស្នាក់នៅដើម្បីបានទទួលរបបឧបត្ថម្ភ៕