(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ទ្រង់សព្វព្រះរាជហឬទ័យបរមរាជានុញ្ញាតឲ្យលោកឧកញ៉ា ថៃ ជាហួត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ប៉េង ហួត គ្រុប ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយជាថវិកាប្រមាណ ៨០០លានរៀលសម្រាប់ព្រះរាជកិច្ចមនុស្សធម៌។
ព្រះមហាក្សត្រ និងព្រះវររាជមាតាជាតិខ្មែរ ព្រះបរមរាជានុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលក្រាបបង្គំគាល់ និងថ្វាយតង្វាយ នៅព្រះមហាប្រាសាទខេមរិន្ទ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។
ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំនិងក្រុមការងារ ប៉េងហួតគ្រុប បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធក្នុងលោក សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ ដល់ប្រជារាស្ត្រជាកូនចៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ៕