(សៀមរាប)៖ ក្រោយការបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, កម្លាំងសមត្ថកិច្ច បានបើកប្រតិបត្តិការជាបន្ដបន្ទាប់ បង្ក្រាបជនសង្ស័យ៣នាក់ ដែលពាក់ព័ន្ធករណីជួញដូរអាវុធដោយខុសច្បាប់ ដែលជាប្រភេទអាវុធប្រើហ្គាស និងខ្យល់ នៅខេត្តសៀមរាប ខណៈដែលបក្ខពួកម្នាក់ជនជាតិអាមេរិកកាំង ត្រូវបានបង្ក្រាបនាពេលកន្លងទៅ ហើយត្រូវតុលាការសម្រេចឃុំខ្លួន។
មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះថា ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាប កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩។
ជនសង្ស័យទាំង៣នាក់នោះរួមមាន ទី១៖ឈ្មោះ ជា ហ៊ាបហ៊ អាយុ១៩ឆ្នាំ មុខរបរនិស្សិត ស្រុកកំណើតស្រុកក្រូចឆ្មា ខេត្តកំពង់ចាម ស្នាក់នៅក្រុមទី៧ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (នាំចូល នាំចេញ កែច្នៃអាវុធ), ទី២៖ឈ្មោះ លី តាំងឆេង អាយុ២០ឆ្នាំ មុខរបរនិស្សិត ទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (ជួញដូរអាវុធខុសច្បាប់) និងទី៣៖ឈ្មោះ ឡី ម៉េងឡុង អាយុ១៩ឆ្នាំ ស្រុកកំណើតភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (ជួញដូរអាវុធខុសច្បាប់)។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្នុងការបង្ក្រាបកម្លាំងសមត្ថកិច្ច ដកហូតបានរួមមាន៖ អាវុធខ្លីមួយដើម ម៉ាក Glock ពណ៌ខ្មៅ, ហ្គាសបញ្ចូលកាំភ្លើងសម្រាប់បាញ់ចំនួន៥ដប, ស្នាប់កាំភ្លើងខ្លី ពណ៌ខ្មៅ ចំនួនមួយ, សោរសម្រាប់ដោះ (ទួលីវីស) ចំនួន៣ដុំ, លិខិតឆ្លងដែនរបស់ឈ្មោះ ជា ហ៊ាបហ៊ មួយក្បាល, កាតវីងចំនួនមួយ និងកាតធានារ៉ាប់រង (ប្រទេសថៃ) ចំនួនមួយ។
ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំងបីនាក់ខាងលើ បានឆ្លើយសារភាពថា ពិតជាបាននាំចូល នាំចេញ និងកែច្នៃ ជួញដូរអាវុធខុសច្បាប់ ដូចជាអាវុធខ្លីពិត (កាំភ្លើងមែនទែន) ចំនួន១០០ដើម ហើយអាវុធខ្លីប្រើហ្គាស និងអាវុធប្រើខ្យល់ ចំនួន៣០០ដើម ឲ្យទៅតាមបណ្តាខេត្ត និងរាជធានីភ្នំពេញ ពិតប្រាកដមែន (ភាគច្រើនភ្នំពេញ និងព្រះសីហនុ)។
គួរជម្រាបថា ជនសង្ស័យទាំង៣នាក់នេះ គឺជាប់ពាក់ព័ន្ធជាមួយជនជាតិអាមេរិកម្នាក់ ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគាររួចហើយផងដែរ រឿងជួញដូរ និងប្រើប្រាស់អាវុធដោយខុសច្បាប់ ពោលជនជាតិអាមេរិកនេះ បានទិញកាំភ្លើងទាំងអស់នោះ ពីពួកគេទាំង៣នាក់នេះផងដែរ៕