(ស្ទឹងត្រែង)៖ នាដើមសប្តាហ៍ក្រោយ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំសម្ពោធបើកដំណើរការ «មជ្ឈមណ្ឌលការងារ ខេត្តស្ទឹងត្រែង» ដែលស្ថិតនៅក្នុងបរិវេណមជ្ឈមណ្ឌល បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ខេត្តស្ទឹងត្រែង។
នេះគឺជាផ្នែកមួយ នៃការបង្កើតឲ្យមានឡើងនូវទីផ្សារមួយ សម្រាប់ការផ្គូរផ្គងកម្លាំងពលកម្មដោយងាយស្រួល រវាងអ្នកផ្គត់ផ្គង់កម្លាំងពលកម្ម គឺអ្នកស្វែងរកការងារធ្វើ និងអ្នកត្រូវការកម្លាំងពលកម្ម គឺនិយោជក ដែលមានលក្ខណៈដូចគ្នា ទៅនឹងទីផ្សារសម្រាប់ផលិតផល និងសេវាដទៃទៀតដែរ។
ការបង្កើតមជ្ឈមណ្ឌលការងារនេះ មានគោលដៅពង្រីកការផ្ដល់សេវាការងារ និងព័ត៌មានអំពីឱកាសការងារ ជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ និងស្មើភាពគ្នា។ ដែលនេះជាការចូលរួមចំណែកលើកកម្ពស់សមធម៌ ក្នុងសង្គម ដោយសារការទទួលបានការងារធ្វើ គឺនាំទៅដល់ការទទួលបានប្រាក់ចំណូល។
អាស្រ័យហេតុនេះ សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និយោជក ព្រមទាំងប្រជាពលរដ្ឋ ដែលកំពុងរស់នៅលើទឹកដីខែស្ទឹងត្រែង អាចទទួលបានសេវាផ្តល់ជូន ដោយរាជរដ្ឋាភិបាលដោយមិនគិតកម្រៃ សូមទាក់ទងមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង តាមរយៈលេខទូរស័ព្ទ ០១០ ៧៤៦ ៦៥៥/០៧៤ ២១២ ២៧៧ តាមរយៈអ៊ីម៉ែល៖[email protected] ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល៕