(ភ្នំពេញ)៖ ដើម្បីជំរុញការសិក្សារបស់សិស្សឈានឆ្ពោះ ទៅមុខបានល្អប្រសើរ ទាល់តែមានការចូលរួមពីសំណាក់មាតាបិតា សិស្ស និងលោកគ្រូអ្នកគ្រូ ព្រោះការសហការគ្នាដ៏ល្អនេះ នឹងជំរុញការសិក្សារបស់សិស្សកាន់តែល្អប្រសើរ។ នេះបើតាមការលើកឡើងពីអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលា NEW GATEWAY។
ផ្អែកលើកត្តានេះទើបសាលារៀន NEW GATEWAY INTERNATIONAL SCHOOL បានរៀបចំកម្មវិធីជំនួបរវាងមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូ ដើម្បីព្យាយាមធ្វើយ៉ាងណាឲ្យ មាតាបិតាសិស្សបានដឹងដិតដល់ ចំពោះការសិក្សារបស់កូន និងបានបង្ហាញពីភាពខ្លាំង និងភាពខ្វះខាតរបស់កូនខ្លួន និងចូលរួមជួយជំរុញដល់ការសិក្សា របស់កូនបន្ថែមទៀត។
អ្នកឧកញ៉ា ប៊ុន ណារី ឲ្យដឹងនាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ ក្នុងកម្មវិធីជំនួបរវាងមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូថា សាលា NEW GATEWAY ពិតជាមានក្ដីរំភើបរីករាយឥតឧបមា ដែលមាតាបិតាសិស្សទាំងអស់ ផ្ដល់ទំនុកចិត្តដល់សាលារៀននេះ។
អ្នកឧកញ៉ាបន្ដថា សាលារៀន NEW GATEWAY ជាសាលារៀនចំណេះទូទៅមួយ ដែលត្រូវបានទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់មតេយ្យ រហូតដល់ថ្នាក់ទី១២ សម្រាប់ចំណេះដឹងទូទៅខ្មែរ និងស្ថាប័នខែមប្រិជ របស់ចក្រភពអគ្លេស សម្រាប់ថ្នាក់ចំណេះដឹងភាសាអគ្លេស។
អ្នកឧកញ៉ាបន្ថែមថា បច្ចុប្បន្នសាលារៀនបានកំពុងចូលរួមចំណែក យ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹង ដល់សិស្សានុសិស្ស ជាមួយលោកគ្រូអ្នកគ្រូដែលមានគរុកោសល្យ និងបទពិសោធខ្ពស់ ចំណែកឯបន្ទុកសិក្សាវិញ បានបំពាក់នូវគ្រឿងបរិក្ខាទំនើបៗ ងាយស្រួលក្នុងការ សិក្សាប្រកបដោយផាសុខភាព។
សូមបញ្ជាក់ថា សាលារៀន NEW GATEWAY តែងតែបង្កើតឲ្យមានកម្មវិធីជំនួបខាងលើនេះ ដើម្បីជាជំនួយ ក្នុងការស្វែងយល់ពីការវិវឌ្ឍន៍ស្មារតី ចំណេះដឹង អត្តចរិក ការចូលរួមក្នុងកិច្ចការសាលា ផ្ទះ និងសហគមន៍ ដើម្បីផ្ដល់ឱកាស ឲ្យមាតាបិតាអាណាព្យាបាល និងគ្រូបង្រៀនបានយល់ដឹង កាន់តែច្បាស់ និងចាត់វិធានការដោយះស្រាយ ក៏ដូចជាផែនការផ្សេងៗ ក្នុងការជួយកុមារ សិស្សានុសិស្ស ទទួលបានការអប់រំ ដែលសមស្រប់ តាមទេពកោសល្យ និងសមត្ថភាពជាក់ស្ដែង៕