(ស្វាយរៀង)៖ ផ្លូវគឺជានយោបាយអទិភាពមួយ ដែលរាជរដ្ឋាភិបាល បានដាក់ចេញក្នុងការជំរុញឲ្យគ្រប់ភាគី ដែលពាក់ព័ន្ធធ្វើការស្ថាបនា និងជួសជុលឡើងវិញ ដើម្បីងាយស្រួលនិងសម្រួល ក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ក៏ដូចជាការដឹកកសិផល ទៅកាន់ទីផ្សារ។
ពាក់ព័ន្ធទៅនឹងការខូចខាតផ្លូវ នៅមូលដ្ឋានស្រុកចន្ទ្រានេះ ពលរដ្ឋរស់នៅក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទា្រ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ម្សិលមិញនេះ បានរកអន្តរាគមន៍ពីអាជ្ញាធរដែនដី និងផ្នែកដែលការពាក់ព័ន្ធ ធ្វើការជួសជុលផ្លូវឡើងវិញ និងដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលពីជនបទ ឆ្ពោះទៅកាន់ទីផ្សារ ខណៈដែលផ្លូវនៅក្នុងភូមិ ត្រូវខូចខាតដោយទឹកភ្លៀង និងទឹកហូរចេញពី ក្លឹបការស៊ីណូ និងផ្ទះពលរដ្ឋហូរចូលបំផ្លាញផ្លូវ។
បើតាមពលរដ្ឋនៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា បានឲ្យដឹងថា ផ្លូវលំមួយខ្សែនេះ មានប្រវែងប្រមាណ២០០ម៉ែត្រ ស្ថិតនៅចំណុចចាប់ពីខាងកើតកាស៊ីណូសៀងហៃ រហូតជិតដល់ច្រកទ្វេភាគីព្រំដែនសំរោង ក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវទទួលរងនូវការខូចខាតស្ទើរទាំងស្រុង អស់រយៈពេលជាង២ឆ្នាំមកហើយ ខណៈដែលទឹកភ្លៀង រួមនិងសំណល់រាវ ចេញពីក្លឹបកំសាន្តការស៊ីណូ និងផ្ទះពលរដ្ឋដែលសង់ នៅសងខាងផ្លូវហូរចូលបន្ថែម ខណៈដែលតំបន់មួយនេះ គ្មានប្រព័ន្ធលូរំដោះទឹកចេញបានឡើយ។
បើតាមពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់នៅតំបន់នេះ បានលើកឡើងទៀតថា កាលដើមឡើយផ្លូវមួយខ្សែ ដែលស្ថិតនៅស្រប និងខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិចេក អាជ្ញាធរដែនដី និងផ្នែកពាក់ព័ន្ធ បានស្ថាបនាឡើងបានល្អ ដើម្បីធ្វើដំណើរតែក្រោយៗមក ផ្លូវនេះបានរងនូវការខូចខាតឡើងវិញ ដែលបណ្តាលមកពីការប្រើប្រាស់យានយន្តច្រើនៗទៅ និងពលរដ្ឋបន្តមករស់នៅរកស៊ីបន្ថែម ហើយបានសាងសង់ ផ្ទះកាន់តែច្រើន ធ្វើឲ្យកំណើនសំណល់រាវ មានការកើនឡើង បានហូរចាក់មករកផ្លូវគួប និងនៅតំបន់នេះ គ្មានប្រព័ន្ធលូ ព្រែក, បឹង, អូរ ដើម្បីរំដោះទឹកបាន ក៏បណ្តាលឲ្យមានទឹកលិចផ្លូវរងការខូចខាតយ៉ាងខ្លាំងតែម្តង។
ពាក់ព័ន្ធចំពោះបញ្ហាផ្លូវខូចខាងលើនេះ ប្រជាពលរដ្ឋដែលប្រើប្រាស់ នៅលើផ្លូវនេះ សូមសំណូមដល់អាជ្ញាធរស្រុកចន្ទ្រា និងមន្ទីរដែលពាក់ព័ន្ធ ត្រូវពន្លឿនការជួសជុល ឲ្យបានឆាប់ ព្រោះផ្លូវនេះមានពលរដ្ឋ ធ្វើដំណើរច្រើនណាស់ ទាំងភ្លៀវជាតិ និងអន្តរជាតិ ដែលឆ្លងកាត់នៅលើផ្លូវនេះ សូមគិតគូរពីកង្វល់រាស្ត្រផង ខណៈដែលពលរដ្ឋលំបាកយូហើយ។
លោក ងួន រ៉ាំ អភិបាលស្រុកចន្ទ្រា បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី៨ ខែមិថុនានេះថា កន្លងមកអាជ្ញាធរ ធ្លាប់បានទិញថ្មមិច ចាក់លើផ្លូវនេះដែរ តែដោយសារផ្លូវនេះ គ្មានប្រព័ន្ធលូទើបផ្លូវរងនូវការខូចខាតធ្ងន់ធ្ងរគួសម ដោយទឹកភ្លៀងបន្ថែម និងមានសំណល់រាវ ចេញពីផ្ទះពលរដ្ឋ និងការស៊ីណូផងនោះ ធ្វើឲ្យផ្លូវប្រវែងជិត២០០ម៉ែត្រនេះ ពិបាកធ្វើដំណើរ។
លោកបានបញ្ជាក់ថា ក្នុងនាមអាជ្ញាធរមិនដែលព្រងើយកន្តើយ ចំពោះបញ្ហាផ្លូវខូចនៅភូមិចេក ឃុំសំរោងនេះទេ ហើយលោកនិងបន្តពិភាក្សាស្វែងរកដំណោះស្រាយ ក្នុងការជួសជុលផ្លូវនេះឡើងវិញ សម្រាប់ស្ថាបនា កែលំអរដោយលោកនឹងអំពាវនាវ រកសប្បុរសជននិងស្នើដល់មន្ទីរជំនាញ ឲ្យជួយជួសជុលនាពេលឆាប់ៗខាងមុខនេះ៕