(ភ្នំពេញ)៖ មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលាសុខភាព ក្រោមប្រធានបទ «រោគសញ្ញានៃជំងឺបេះដូង និងបញ្ហាដែលបណ្ដាលឲ្យខូចតំរង់នោម និងក្រពេញប្រូស្តាត» ដែលធ្វើបទបង្ហាញដោយ លោកវេជ្ជបណ្ឌិតសឹង្ហបុរី ហូ ស៊ីវ ហុង ឯកទេសតំរង់នោម និងក្រពេញប្រ៉ូស្តាត និង លោកស្រីវេជ្ជបណ្ឌិត អ៊ុ សុដារី ឯកទេស ជំងឺបេះដូង និងមានការចូលរួម ពីសំណាក់ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។
កម្មវិធីនេះ ត្រូវបានបង្កើតទ្បើង ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់សិក្ខាកាម ព្រមទាំងចែករំលែកបន្តជូនដល់ក្រុមគ្រួសារ និងមិត្តភ័ក្រ្ត ឲ្យយល់ច្បាស់អំពីរាង្គកាយ រោគសញ្ញាសុខភាព និងការយល់ដឹងអំពីមូលហេតុ នៃជំងឺដែលអាចកើតទ្បើងបាន ជាពិសេសយល់ដឹងអំពីការថែរក្សាសុខភាពបេះដូង និងការព្យាបាលជំងឺបេះដូង ឲ្យទាន់ពេលវេលា ព្រោះជំងឺនេះអាចបណ្តាលឲ្យអ្នកជំងឺបាត់បង់ជីវិត ក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ លើសពីនេះទៅទៀត ជំងឺតំរង់នោម ក៏ជាបញ្ហាចំបងមួយ ដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើន កំពុងជួបប្រទះ ហើយក៏ជាប្រធានបទមួយនៅក្នុងកម្មវិធីផងដែរ។
លោកស្រី គួន ធីតា អគ្គនាយិកា នៃមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានថ្លែងថា នេះគឺជាព្រឹត្តការណ៍ទីមួយហើយ ដែលមន្ទីរពហុព្យាបាល និងសម្ភព អរៀនដា ដោយមានកិច្ចសហការពីស្ថាបនសុខាភិបាលសិង្ហបុរី ខរនឺរស្តូន អេស៊ាហែល (Cornerstone Asia Health) បានរៀបចំទ្បើង ក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសុខភាព ហើយក៏ជាការចូលរួមចំណែកលើកកម្ពស់ គុណភាពសេវាថែទាំសុខភាព សម្រាប់ប្រជាពលរដ្ឋ តាមរយៈការពិគ្រោះ ការស្រាវជ្រាវ ការវិភាគ និងការព្យាបាលជំងឺ ទៅតាមស្តង់ដារអន្តរជាតិ ដើម្បីផ្តល់ធានាជូនសុវត្ថិភាព ប្រសិទ្ធភាព និងភាពជឿទុកចិត្ត។
លោកស្រី គួន ធីតា បានបន្តទៀតថា ដោយមានកិច្ចសហការពីភាគីសិង្ហបុរី ខរនឺរស្តូន អេស៊ាហែល (Cornerstone Asia Health) មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា បានទទួលបានការគាំទ្រ ពីអតិថិជនគ្រប់មជ្ឈដ្ឋាន និងពង្រីកបានវិសាលភាពកាន់តែធំ។ មន្ទីរពហុព្យាបាល អរៀនដា ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងតម្ដល់នូវទឹកចិត្ដ អាណិតស្រលាញ់ចំពោះអ្នកជំងឺគ្រប់រូប។
លោកស្រី បន្ដទៀតថា ការសង្រ្គោះជីវិតមនុស្ស ទាមទារជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងក្រមសីលធម៌ និងប្រសិទ្ធភាពនៃការព្យាបាលដែលទាំងនេះ ផ្តើមចេញពីអាកប្បកិរិយាទន់ភ្លន់ ទឹកចិត្ដអាណិតអាសូរ ការផ្តល់កម្លាំងចិត្ត និងការលើកទឹកចិត្តដល់អ្នកជំងឺ។ នេះគឺជាកត្តាជោគជ័យរបស់មន្ទីរពហុព្យាបាល និងសម្ភពអូរៀនដា ក្នុងរយៈពេលកន្លងមក។
លោកស្រីថា មន្ទីរពហុព្យាបាល និងសម្ភព អរៀនដា នឹងធ្វើរៀបចំកម្មវិធីបែបនេះ បន្ថែមទៀត ដោយនឹងលើកយក ប្រធានបទសំខាន់ៗផ្សេងទៀត ដើម្បីចែករំលែក និងផ្តល់ជូនដល់សិក្ខាកាម នូវចំណេះដឹងថ្មីៗ ស្តីអំពីការថែទាំសុខភាព និង វិធីបង្ការសុខភាព ហើយរាល់កម្មវិធីនឹងត្រូវបានបើកទូលាយ សំរាប់សាធារណជន ក្នុងការចូលរួមសិក្សាស្វែងយល់អំពីសុខភាព និងមកពិគ្រោះយោបល់។
គួររំលឹកផងដែរថា មន្ទីរពហុព្យាបាល អរៀនដា មិនមែនជាគ្លីនិកថ្មីនោះទេ តែបានវិវឌ្ឍន៍ខ្លួនពីគ្លីនិកតូចមួយមានឈ្មោះថា សុខា ដែលបានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួន តាំងពីឆ្នាំ២០១៥ មកម្លេះ។ ដោយមានការគាំទ្រ ចំពោះគុណភាព នៃការព្យាបាលក្នុងរយៈពេលបួនឆ្នាំកន្លងមក និងដោយមើលឃើញពីតម្រូវការជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ និងប្រជាពលរដ្ឋមានតម្រូវការ សេវាកម្មព្យាបាលប្រកប ដោយគុណភាព និងស្តង់ដារខ្ពស់ យើងបានពង្រីកវិសាលភាព និងសេវាកម្មពីគ្លីនិកតូចមួយ ទៅជាមន្ទីរពហុព្យាបាល និងសម្ភព អរៀនដានេះ។
មន្ទីរពហុព្យាបាល អរៀនដា បានបើកដំណើរការសាកល្បង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ ដែលមកដល់ត្រីមាសទី១ ឆ្នាំ២០១៩ មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតដែលកំពុងបម្រើការចំនួន២៨នាក់ និងបុគ្គលិកសរុបចំនួន៨១នាក់។
បច្ចុប្បន្ន មន្ទីរពហុព្យាបាល អរៀនដា ជាស្ថាបនសុខាភិបាលឯកជន ដែលកំពុងបម្រើសេវាសុខាភិបាល ជូនប្រជាជនដោយផ្តល់ការពិគ្រោះ និងព្យាបាលទៅលើផ្នែកជាច្រើន ដូចជាផ្នែកជំងឺលំបាកមានកូន សម្ភព រោគស្ត្រី ជំងឺកុមារ ជំងឺទូទៅ ជំងឺបេះដូង ជំងឺតម្រង់នោម ជំងឺក្រពះពោះវៀន សេវាសង្គ្រោះបន្ទាន់ សេវាសង្រ្គោះបន្ទាន់ តាមយន្តហោះពិសេស២៤ម៉ោង សេវាថែទាំអ្នកជំងឺតាមផ្ទះ និងសេវាបញ្ចូនអ្នកជំងឺ ទៅព្យាបាលនៅក្រៅប្រទេស ដែលរាល់សេវាកម្មទាំងអស់ ត្រូវបានបង្កើតឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកជំងឺនាពេលបច្ចុប្បន្ន។
មន្ទីរពហុព្យាបាល អរៀនដា មានវេជ្ជបណ្ឌិតល្បីៗ ដែលកំពុងបម្រើការក្នុងស្ថាបនជាតិ និងអន្តរជាតិ ដែលមានជំនាញឯកទេស និងបទពិសោធន៍ជាច្រើនឆ្នាំ រួមផ្សំជាមួយបរិក្ខារវេជ្ជសាស្ត្រទំនើបៗ នាំចូលពីបរទេស បន្ទប់ពិសោធន៍ សាលវះកាត់ បន្ទប់សំរាល និងបន្ទប់សំរាកត្រូវបានរៀបចំដោយវិស្វករវេជ្ជសាស្ត្របរទេស ដើម្បីផ្ដល់ជូននូវផាសុកភាព និងគុណភាពនៃការព្យាបាលកម្រិតស្តង់ដារអន្តរជាតិ៕