(ប្រទេសថៃ)៖ លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងមន្ត្រីការទូត បានចុះសួរសុខទុក្ខនិងពិនិត្យកន្លែងស្នាក់នៅរបស់បងប្អូនពលករខ្មែរជាបន្តបន្ទាប់រហូតបានជិត៦ពាន់នាក់ក្នុងរយៈពេល៣ខែកន្លងមកនេះ។

នៅពេលចុះសួរសុខទុក្ខ លោកឯកអគ្គរាជទូតបានជម្រាបជូន ថា មន្រ្តីស្ថានទូតទាំងអស់ត្រៀមខ្លួនជួយសម្រួលដល់បងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់ លើគ្រប់ទិដ្ឋភាពដែលអាចជួយបាន ជាពិសេសលើផ្នែកសេវាកម្ម ដូចជាការពន្យាសុពលភាពលិខិតឆ្លងដែន និងការបញ្ជាក់ឯកសារផ្សេៗជូនដល់ទីកន្លែងធ្វើការនិងការស្នាក់នៅតែម្តង។

ការចុះសួរសុខទុក្ខពលករ គឺជាការងារមួយផ្នែករបស់ស្ថានទូត ដែលជាការណែនាំផ្តាំផ្ញើរពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ជាក់ស្តែងកាលពីថ្ងៃសុក្រម្សិលមិញ លោក អ៊ូក សោភ័ណ និងមន្រ្តីនៅស្ថានទូត បានបន្តចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយពលករចំនួនជាង៣០០០នាក់ ដែលកំពុងបម្រើការងារនៅរោងចក្រ CPF ដែលផលិតម្អូបអាហារ។

ទន្ទឹមគ្នានេះដែរ កាលពីខែឧសភាកន្លងទៅ លោក អ៊ូក សោភ័ណនិងមន្ត្រីការទូត ក៏បានអមដំណើរជាមួយ ឯកឧត្តម សេង សក្តា ប្រតិភូអមរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកការងារ បានចុះសួរសុខទុក្ខសំណេះសំណាលនិងពិសាអាហារសាមគ្គីជាមួយបងប្អូនពលករខ្មែរចំនួនជាង៧០០នាក់ ដែលកំពុងបម្រើការងារនៅក្រុមហ៊ុន Sukhawadee និងនៅរោងចក្រ Milott Laboraties ។

ក្រៅពីបណ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំដល់ពលករខ្មែរ លោក អ៊ូក សោភ័ណ តែងជម្រាបបន្ថែមដល់បងប្អូនពលករឱ្យខិតខំបម្រើការងារ សន្សំប្រាក់ផ្ញើទៅស្រុក ខំរៀនជំនាញដើម្បីអនាគតពេលត្រឡប់ទៅធ្វើការនៅប្រទេសកម្ពុជាវិញ ព្រមទាំងមើលថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ។

លោក អ៊ូក សោភ័ណ ត្រូវបានតែងតាំងនិងចាប់ផ្តើមបំពេញការងារការទូត ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ នៅដើមខែមិនា ឆ្នាំ២០១៩ កន្លងមកនេះ៕