Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសាររំលែកទុក្ខចំពោះគ្រួសារសពលោកយាយ ផ្លេក ភិរុណ ដែលទទួលមរណភាពដោយជរាពាធ

08-06-2019 09:41

(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំងមន្ត្រីរាជការទាំងអស់របស់ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើរសាររំលែកមរណទុក្ខ ចំពោះគ្រួសារសពលោកយាយ ផ្លេក ភិរុណ អតីតប្រធានកាកបាទក្រហមកម្ពុជា និងជាអតីតអគ្គលេខាធិការរដ្ឋសភា ដែលលោកយាយបានទទួលមរណភាពដោយជរាពាធ នាវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងជន្មាយុ៩៩ឆ្នាំ។

ក្នុងសាររំលែកទុក្ខនេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបង្ហាញក្តីសោកសង្រែងថា មរណភាពរបស់លោកយាយ ផ្លេក ភិរុណ គឺជាការបាត់បង់នូវកុលធីតាខ្មែរ និងជាការបាត់បង់ឥស្សរជនរបស់ជាតិដ៏ឆ្នើមមួយរូប ដែលបានបូជាអស់កម្លាំងកាយចិត្ត បញ្ញា និងស្មារតីស្ទើរពេញមួយជីវិតដើម្បីបម្រើជាតិ មាតុភូមិដោយឥតនឿយហត់។ ក្នុងឋានៈជាប្រធានកាកបាទក្រហម និងជាអតីតអគ្គលេខាធិការរដ្ឋសភា លោកយាយបានបម្រើផលប្រយោជន៍ស្ថាប័ន និងបម្រើផលប្រយោជន៍ប្រជាជនដោយស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការ

សង្គម និងមនុស្សធម៌ បម្រើប្រជាជនដោយមិនប្រកាន់និន្នាការ ពណ៌សម្បុរ ជាតិសាសន៍ ព្រមទាំងបម្រើការពារបុព្វហេតុនៃការរស់ឡើងវិញរបស់កម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។

សម្តេចវិបុលសេនាភក្តី ក៏បានសូមសម្តែង នូវសមានចិត្តដ៏ក្រៀមក្រំចូលរួមរំលែកទុក្ខដោយក្តីសោកស្តាយអាឡោះអាល័យបំផុតជាមួយលោកយាយ ព្រមទាំងក្រុមគ្រួសារ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ

សូមតាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់លោកយាយ ផ្លេក ភិរុណ ទៅកាន់សុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។