(ភ្នំពេញ)៖ ចាប់ពីពេលនេះតទៅ សណ្ឋាគារ ឬសេវាកម្មស្នាក់នៅទេសចរណ៍ណា ដែលបិទចំណាត់ថ្នាក់ផ្កាយក្លែងក្លាយ ដោយមិនមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ដើម្បីបោកបន្លំភ្ញៀវទេសចរនោះ នឹងទទួលរងការពិន័យប្រាក់ចាប់ពី១លាន ដល់៥លានរៀល ឬអាចពិន័យទ្វេដងក្នុងករណីមិនរាងចាល។ នេះបើតាម លោក នេប សាមុត អគ្គនាយកទេសចរណ៍ នៃក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ការប្រើប្រាស់ ឬដាក់តាំងផ្លាកសញ្ញាដែលមានភិនភាគ ស្រដៀង ឬដូចចំណាត់ថ្នាក់ផ្កាយដែលពុំមែនជាការទទួលស្គាល់ដោយក្រសួងទេសចរណ៍ នោះមូលដ្ឋានអាជីវកម្មទាំងនោះ នឹងក្លាយជាកម្មវត្ថុនៃការពិន័យជាប្រាក់ស្រប តាមអនុក្រឹត្យលេខ ១៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍។
មាត្រា២១ អនុក្រឹត្យនេះបានចែងថា៖ ការប្រើប្រាស់ចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ហួសសុពលភាព ឬធ្វើការផ្សព្វផ្សាយចំណាត់ថ្នាក់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដោយគ្មានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ត្រូវចាត់ទុកថាខុសច្បាប់។
ដោយឡែកមានត្រា ២២ បានចែងថា៖ អ្នកទទួលខុសត្រូវគ្រប់គ្រងសណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ដែលប្រព្រឹត្តល្មើសនឹងមាត្រា៦ មាត្រា២១ នៃអនុក្រឹត្យនេះ ត្រូវពិន័យរដ្ឋបាលជាប្រាក់ចំនួនពី ១,០០០,០០០ (មួយលាន) រៀលទៅ ៥,០០០,០០០ (ប្រាំលានរៀល)។ ក្នុងករណីសាមីខ្លួនមិនរាងចាល ត្រូវពិន័យជាប្រាក់ទ្វេដង៕