(សៀមរាប)៖ ក្នុងគោលបំណងចូលរួមថែរក្សា អភិរក្សព្រៃឈើ និងទេសភាពវប្បធម៌ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលកំពុងរងការខូចខាត រេចរិល កាប់ទន្ទ្រានព្រៃ និងការប៉ុនប៉ងកាន់កាប់ដីជាកម្មសិទ្ធិរបស់បុគ្គលមួយចំនួនឱ្យមានភាពបៃតងឡើងវិញ សម្រាប់ជាគម្របការពារអាយុជីវិតប្រជាជន និងប្រាង្គប្រាសាទនានាពីបម្រែបម្រួលអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់សាធារណជនទាំងអស់ដែលស្រឡាញ់បរិស្ថាន ចូលរួមក្នុងយុទ្ធនាការដាំកូនឈើប្រមាណ ៤០,០០០ដើម ចាប់ពីខែមិថុនានេះតទៅ លើផ្ទៃដីសរុបជិត ៣៥ហិកតា នៅក្នុងរមណីយដ្ឋានអង្គរ។
ទីតាំងសំខាន់ៗដែលត្រូវដាំដើមឈើមានចំនួន ៦កន្លែង៖ ខាងកើតប្រាសាទប្រិយ៍ បរិវេណប្រាសាទព្រះគោ ខាងត្បូងប្រាសាទបន្ទាយក្តី ភូមិមណ្ឌលបី សង្កាត់ស្លក្រាម ក្រុងសៀមរាប តាមដងផ្លូវពីមុខប្រាសាទអង្គរវត្តឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប និងនៅតាមដងផ្លូវពីស្រះស្រង់ឆ្ពោះទៅព្រះដាក់។
ដើម្បីចូលរួមក្នុងយុទ្ធនាការដាំដើមឈើនៅក្នុងរមណីយដ្ឋានអង្គរ សូមទំនាក់ទំនងលោក យិត ចាន់ដារដ្ឋ ០១២ ៨៨៣ ១៣៨ ឬលោក ជូ រ៉ាឌីណា ០៧៨ ៧២៨ ៨៨២៕