(ភ្នំពេញ)៖ ដូចអ្វីដែលបានជូនព័ត៌មាននៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣។ ការប្រកាសលទ្ធផលផ្លូវការនេះ ធ្វើឡើងទូរទស្សន៍ជាតិកម្ពុជា (ទទក), វិទ្យុជាតិកម្ពុជា FM 96 MHz, វិទ្យុជាតិកម្ពុជា AM 918 KMz, វិទ្យុវត្តភ្នំ FM 105.70 MHz និងទូរទស្សន៍ Online គ.ជ.ប។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិអាណត្តិទី៣ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងក្នុងនោះមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា។
អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩នេះ មានចំនួនសរុប ៤,១១៤អាសនៈ ក្នុងនោះ អាសនៈក្រុមប្រឹក្សារាជធានី/ខេត្ត មានចំនួន ៥៥៩អាសនៈ និង អាសនៈក្រុមប្រឹក្សាក្រុង/ស្រុក/ខណ្ឌ មានចំនួន ៣,៥៥៥អាសនៈ។ អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ក្នុងតំណែង ដែលមានចំនួនសរុប ១១,៥៧២នាក់។
លទ្ធផល បណ្តោះ អាសន្ន នៃការ បោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា អាណត្តិ ទី៣ ឆ្នាំ ២០១៩ ដែលផ្សព្វផ្សាយដោយ គ.ជ.ប បានបង្ហាញថា ក្រុមប្រឹក្សារាជធានី-ខេត្តទាំង២៥ មានគណបក្សតែ៣ប៉ុណ្ណោះទទួលបានអាសនៈ។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥០អាសនៈ គណបក្សខ្មែររួបរួមជាតិទទួលបាន ៦អាសនៈ និងគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២អាសនៈ ក្នុងចំណោមអាសនៈក្រុមប្រឹក្សារាជធានី-ខេត្តសរុប៥៥៩៕