(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងថា ស៊ីម៉ាក់បានចាប់ផ្តើមប្រើប្រាស់សុនខ (ឆ្កែ) ក្នុងសកម្មភាពបោសសម្អាតមីនតាំងពីឆ្នាំ១៩៩៩មក ហើយក្រុមសុនខដោះមីន បានរំដោះផ្ទៃដីដែលមានមីនបានចំនួនជាង៧៨គីឡូម៉ែត្រការ៉េ រកឃើញ និងកម្ទេចចោលគ្រាប់គ្រប់ប្រភេទជិត២ម៉ឺនគ្រាប់។
ការលើកឡើងយ៉ាងដូច្នេះរបស់លោក ហេង រតនា ធ្វើឡើងក្នុងឱកាសលោក និងលោកស្រី Katherine Polak ប្រធានថែទាំសត្វអនាថាប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃអង្គការ Four Paws Internationl បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាក្រោមប្រធានបទ «វីរភាពរបស់សុខន» នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩។
សិក្ខាសាលា «វីរភាពរបស់សុនខ» នេះ ផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ចំណេះដឹង ស្តីពីប្រតិបត្តិការរបស់សុនខ ការថែទាំ សុខភាពសុនខ និងបង្ហាញពីអត្ថប្រយោជន៍របស់សុខន ក្នុងការបំរើសង្គម ជាពិសេសជំរុញលើកទឹកចិត្ត ដល់អ្នកស្រលាញ់សុខនកាន់តែខ្លាំងថែមទៀត ចៀសវាងអំពើអវិជ្ជមានផ្សេងៗដូចជា ការបរិភោគ និងជួញដូរសាច់សុនខជាដើម។
លោកលើកឡើងថា «សុនខមិនត្រឹមតែជាសត្វចញ្ចឹមដ៏គួរស្រលាញ់ប៉ុណ្តោះទេ ប៉ុន្តែសុនខបាននឹងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការការពារសន្តិសុខសុវត្ថិភាព និងសង្គ្រោះជីវិតមនុស្សព្រមទាំងសកម្មភាពសង្គមជាច្រើនទៀត»។
សូមជម្រាបថា ជារឿយមេស៊ីម៉ាក់រូបនេះ តែងតែអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យឈប់បរិភោគសាច់សុនខ និងបានបង្ហាញនូវស្ថានភាពការជួញដូរ និងហូបសាច់សុនខកម្ពុជា អាចបង្កឲ្យមានបញ្ហា៤សំខាន់ៗ រួមមាន៖
ទី១៖ បាត់បង់វប្បធម៌ទំនៀមទម្លាប់ និងប្រពៃណីដ៏ល្អរបស់ប្រជាជនខែ្មរ ដែលផ្តាំតកូនចៅដោយហាមមិនឲ្យបរិភោគសាច់សុនខឡើយ រហូតដល់យល់ថា ជាទង្វើនាំឲ្យចង្រៃដល់ខ្លួនឯង និងគ្រួសារ។ បើគ្មានវិធានការទេ ប្រពៃណី និងវប្បធម៌ដ៏ប្រពៃថ្លៃថ្នូរនេះ នឹងរលាយសាបសូន្យមិនខានឡើយ។
ទី២៖ ការបង្កអំពើចោរកម្ម និងបង្កបទល្មើសផេ្សងៗក្នុងសង្គម រួមទាំងទង្វើកាចសាហាវបង្កហិង្សាក្នុងគ្រួសារ។
ទី៣៖ មានផលប៉ះពាល់ដល់សុខភាពសាធារណៈ មានប្រភេទជំងឺឆ្លងផងដែរ (នេះបើយោងតាមការវាយតំលៃ មន្ត្រីជំនាញសុខភាពមកពីប្រទេសអូស្ត្រាលី ហើយអង្គភាពស៊ីម៉ាក់ នឹងសហការរយៈ២ឆ្នាំ២០១៩-២០២០ ជាមួយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យមែលប៊ន ដើម្បីតាមដានជំងឺសុនខ នៃអង្គភាពស៊ីម៉ាក់)។
ទី៤៖ ភាពអសីលម៌ចំពោះគុណបំណាច់សុនខបម្រើមនុស្សជាតិ ជាពិសេសសុនខហិតមីន សុនខសន្តិសុខ (សម្រាប់សន្តិសុខគ្រួសារ និងសាធារណៈ) សុនខប្រឆាំងភេវរកម្ម សុនខប្រឆាំងគ្រឿងញៀន សុនខការពារព្រំដែនជាដើម៕